ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរដ្ឋធានីកៀវ ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងរដ្ឋធានីកៀវ ប៉ុន្តែលោកមិនបានរងរបួសធ្ងន់ធ្ងរអ្វីនោះទេ។នេះបើតាមអ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។
អ្នកនាំពាក្យរបស់លោក ហ្សេលេនស្គី គឺលោក ស៊ែរហ៊ី នីគីហ្វូរ៉ូវបានឱ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើងនៅពេលដែលរថយន្ដរបស់លោក ហ្សេលេនស្គី បុកគ្នាជាមួយរថយន្ដឯកជនមួយគ្រឿង។ ប៉ុន្តែក្នុងពេលជាមួយគ្នា អ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់ថាតើគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅពេលណានោះទេដោយគ្រាន់តែបញ្ជាក់បន្ថែមក្នុងសារមួយបង្ហោះលើ Facebook នៅថ្ងៃព្រហស្បតិ៍នេះថាលោក ហ្សេលេនស្គី ទទួលបានការត្រួតពិនិត្យពីគ្រូពេទ្យភ្លាមៗ ហើយមិនបានរងរបួសធ្ងន់ធ្ងរនោះទេ ខណៈការស៊ើបអង្កេតមួយអាចនឹងត្រូវធ្វើឡើង។
គួរបញ្ជាក់ថា ប៉ុន្មាននាទីក្រោយការបង្ហោះសាររបស់លោកនីគីហ្វូរ៉ូវ ការិយាល័យរបស់លោក ហ្សេលេនស្គី បានបញ្ចេញវីដេអូមួយដែលលោក ហ្សេលេនស្គី តែងតែថ្លែងសារជារៀងរាល់ថ្ងៃ៕SP