UNប្រកាសទិន្នន័យថ្មីនៃចំនួនជនស៊ីវិលអ៊ុយក្រែនមានរហូត ៣,២៣៨នាក់ស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ី
អ៊ុយក្រែន៖ យោងតាមទិន្នន័យថ្មីឲ្យដឹងថា ជនស៊ីវិលយ៉ាងហោចណាស់ ៣,២៣៨នាក់រួមទាំងកុមារចំនួន ២២៧នាក់បានស្លាប់ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីការវាយប្រហាររបស់រុស្ស៊ីបានចាប់ផ្ដើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ការិយាល័យឧត្ដមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិបាននិយាយថា គិតត្រឹមថ្ងៃអង្គារសប្ដាហ៍នេះ ជនស៊ីវិលចំនួន ១,៧០០នាក់បានស្លាប់នៅក្នុងតំបន់ Donetsk និង Luhansk ភាគខាងកើតប្រទេសអ៊ុយក្រែន។
ទន្ទឹមនឹងនេះ ជនស៊ីវិលចំនួន ១,៥៣៨នាក់បន្ថែមទៀតបានបាត់បង់ជីវិតក្នុងតំបន់នានា រួមទាំងទីក្រុង Kyiv, ទីក្រុង Kharkiv នៅភាគខាងកើត, ទីក្រុង Chernihiv ក្នុងភាគខាងជើង និងទីក្រុង Kherson នៅភាគខាងត្បូង។ ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា ជនស៊ីវិលចំនួន ៣,៣៩៧នាក់បានរងរបួសចាប់តាំងពីរុស្ស៊ី ចាប់ផ្ដើមបើកប្រតិបត្តិការសឹកពិសេសចូលទៅអ៊ុយក្រែន។
ទីភ្នាក់ងារដដែលបានឱ្យដឹងទៀតថា អ្នកស្លាប់ និងរបួសមានខ្ពស់ជាងនេះដោយសារតែការយឺតយ៉ាវក្នុងការទទួលបានព័ត៌មាន និងពិបាកក្នុងការបញ្ជាក់ឲ្យបានច្បាស់រាល់របាយការណ៍នានា ពីតំបន់ផ្សេងៗកំពុងស្ថិតក្រោមការទម្លាក់គ្រាប់បែកពីកងកម្លាំងរុស្ស៊ី ដូចជាទីក្រុង Mariupol ជាដើម៕SP