ភ្នំពេញ ៖ លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសថា នឹងលាឈប់ពី ប្រធានកីឡាបាល់ទាត់ភ្លាម ប្រសិនបើការប្រកួត ក្នុងក្រុម (group) ចែកពូលវិញ្ញា សាកីឡាបាល់ទាត់បុរស អាយុ២២ឆ្នាំ មិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួត វគ្គកណ្តាលផ្តាច់ព្រ័តនោះទេ ។ ការប្រកាសបែបនេះ លោកបានធ្វើឡើង បន្ទាប់ពីការប្រកួតបាល់ទាត់ រវាងកម្ពុជា និង ហ្វីលីពីន មានលទ្ធផលមួយស្មើ រួចមក។

លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោយពីចប់ ការប្រកួតបាល់ទាត់ រវាងកម្ពុជា និងហ្វីលីពីន ដោយមានលទ្ធផល មួយស្មើ កាលពីយប់ថ្ងៃទី២ ខែមេសា ភ្លាម លោកបានបង្ហោះសារជាសំណេរ នៅលើទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកយ៉ាងដូច្នេះថាៈ កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួល ខុសត្រូវ ។ បន្ទាប់ពីប្រទេសកម្ពុជា សម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២  ខ្ញុំបាទបានប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង  ប្រើពេលជាង ១០ ឆ្នាំ ដើម្បីលើកកិត្តិយសជាតិខ្មែរ តាមរយះវិស័យកីឡាបាល់ទាត់។


លោក បានបញ្ជាក់ដោយម៉ឺងម៉ាត់ថា បើការប្រកួតក្នុងគ្រុប ចែកពូលវិញ្ញាសាកីឡា បាល់ទាត់បុរស អាយុ២២ឆ្នាំ មិនអាចឆ្លងផុត ដើម្បីឈានទៅបន្តប្រកួត វគ្គកណ្តាលផ្តាច់ព្រ័តនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវ ដែលកំពុងកាន់តំណែង ជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡា បាល់ទាត់ភ្លាម ។

នៅក្នុងសារបង្ហោះលើទំព័រហ្វេសប៊ុក មានឈ្មោះ G Sao Sokha បានសរសេរទៀតថា «ក្នុងករណីនេះ កើតឡើង ខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិ សហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋាន រៀបចំបើកធ្វើមហាសន្និបាត ដើម្បីបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡាបាល់ទាត់ថ្មី ដើម្បីបន្តដឹកនាំ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្ត អ្នកស្រឡាញ់កីឡា បាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាព មិនអាចដឹកនាំវិស័យកីឡា មួយនេះ ទទួលបានជោគជ័យជូនជាតិ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ