សម្តេចតេជោ ហ៊ុន សែន ព្រមានប្រើប្រាស់វិធានការច្បាប់ ចំពោះអ្នកនៅពីក្រោយ នៃបំពុលព័ត៌មានថា «កម្ពុជាកាត់ដី ៤ខេត្ត ឱ្យវៀតណាម»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ព្រមានប្រើប្រាស់វិធានការច្បាប់ ចំពោះអ្នកនៅពីក្រោយនៃបំពុលព័ត៌មានថា «កម្ពុជាកាត់ដី៤ ខេត្ត ឱ្យវៀតណាម»។
សម្តេចតេជោ បានចាត់ទុក ការបង្កើតព័ត៌មានមិនពិតនេះ ដើម្បីបំពុលសង្គមខ្មែរ ចោទប្រកាន់ខុសពីការពិត ដែលទាមទារឆ្លើយតប ហើយចាត់វិធានការ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញ ថ្លែងសារពិសេសពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
សម្តេច ហ៊ុន សែន បានពន្យល់ថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) គឺជាគំនិតផ្តួចផ្តើមដោយ សម្តេច ហ៊ុន សែន បង្កើតឡើងដើម្បីអភិវឌ្ឍន៍តំបន់ត្រីកោណដែលមានតំបន់សេដ្ឋកិច្ច ការអភិវឌ្ឍគ្រប់វិស័យ ទប់ស្កាត់ការរត់ពន្ធគ្រឿងញៀន ជួញដូរមនុស្ស ចលនាជ្រុលនិយមខុសច្បាប់មួយចំនួន ជួយដល់សេវាសុខាភិបាលដល់ពលរដ្ឋទីជនបទ និង គ្រោះថ្នាក់នានាក្នុងតំបន់នោះ៕