សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ចុះជាបន្ទាន់ចាប់យកឧបករណ៍ធ្វើតេស្ត រកវីរុសកូវីដ-១៩ និងឱសថទាំងឡាយណាដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 មិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និង អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងព្រះរាជអាជ្ញា ត្រូវសហការគ្នាជាមួយនគរបាល និង អាវុធហត្ថ ចុះចាប់ជាបន្ទាន់នូវឧបករណ៍ធ្វើតេស្ត និង ឱសថទាំងឡាយណា ដែលអះអាងថា សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ដោយមិនមានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ។នេះបើយោងតាមសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ។
ស្របជាមួយការបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ឱ្យសមត្ថកិច្ចទូទាំងប្រទេសចាប់យកឧបករណ៍តេស្តរកវីរុសកូវីដ១៩ នេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏បានចេញបញ្ជា ឱ្យនាយកដ្ឋានជំនាញជាមួយ នឹងស្នងការរាជធានីខេត្តទាំង ២៥អនុវត្ត បន្ទាន់កន្លែងណាដែលមានលក់ ឧបករណ៍ធ្វើតេស្តកូវីដ១៩ ដោយឃាត់ទាំងមនុស្ស និងដកហូតទាំងសម្ភារៈ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ដោយខ្លួនឯងនោះឡើយ។ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវនិងប្រសិទ្ធភាពនៅឡើយទេ។ដោយការធ្វើតេស្តរហ័សបែបនេះគឺនៅទាបណាស់ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន ។រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ៕