លោក គួច ចំរើន ណែនាំឱ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់
ខេត្តកណ្ដាល ៖ លោក គួច ចំរើន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការណែនាំក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត ក្នុងស្រុកពញាឮ ត្រូវធ្វើការដោះស្រាយជាបន្ទាន់ ករណីផ្គត់ផ្គង់ទឹកមិនគ្រប់គ្រាន់ និងបញ្ហាទឹកកខ្វក់ជាដើម ត្រូវខិតខំពន្លឿនក្នុងការតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស នៅតំបន់ដែលខ្លួនទទួលបានសិទ្ធក្នុងការផ្គត់ផ្គង់ទឹកស្អាត ដែលមិនទាន់មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងត្រូវខិតខំព្យាយាមពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត ឱ្យគ្រប់ដណ្ដប់ទូទាំងស្រុកតែម្ដង។
លោកអភិបាលខេត្ត បានធ្វើការណែនាំដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតចំនួន ៣ក្រុមហ៊ុន ក្នុងស្រុកពញាឮកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅក្នុងសាប្រជុំសាលាស្រុក ដោយមានការចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរស្រុក ភូមិ ឃុំ និងមន្ទីរពាក់ព័ន្ធផងដែរ។
ការងារចម្បងចំពោះមុខនៅពេលនេះ លោក អភិបាលខេត្ត បានណែនាំ ឱ្យក្រុមហ៊ុនទឹកស្អាតត្រូវយកចិត្តទុកដាក់គិតគូរទៅលើការងារតបណ្ដាទឹករងឱ្យបានច្រើន ដើម្បីធ្វើការតភ្ជាប់ទៅបណ្ដាញមេរួចបញ្ជូនទឹកស្អាតចូលដល់ផ្ទះប្រជាពលរដ្ឋតែម្ដង។
លោកអភិបាលខេត្ត បានលើកទឹកចិត្ត ដល់ក្រុមហ៊ុនត្រូវមានការប្ដេជ្ញាតាំងចិត្តខ្ពស់ ក្នុងការផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋ ត្រូវខិតខំដោះស្រាយបញ្ហាប្រឈមរបស់ខ្លួនដែលជួបប្រទះ ដើម្បីសម្រួលដល់ការងារផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ដំណើរការបានកាន់តែរលូន។
លោក អភិបាលខេត្ត បានស្នើឱ្យអាជ្ញាធរ មន្ទីរជំនាញ ត្រូវដឹកនាំ ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតទាំងអស់ក្នុងស្រុក ទៅមើលតាមគោលដៅ ភូមិ-ឃុំ ដែលកំពុងតែជួបការខ្វះខាតទឹកស្អាតប្រើប្រាស់ដោយផ្ទាល់ ដើម្បីឱ្យក្រុមហ៊ុនធ្វើការសម្រេចចិត្ត ពង្រីកសេវារបស់ខ្លួន នៅទីតាំងទាំងនោះថាបាន ឬមិនបានយ៉ាងណាត្រូវរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលា៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ