សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំឱ្យមានការព្រួយបារម្ភពីច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល កុំឱ្យមានការព្រួយបារម្ភពីច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រោះមិនមែនបង្កើតឡើងមក ដើម្បីរឹតដ្បិតសេរីភាពរបស់ ប្រជាពលរដ្ឋ និងសេរីភាពនៃការបញ្ចេញមតិនោះឡើយ។ ការអំពាវនាវរបស់សម្តេច ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យទៅលើសេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០នេះ នាវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្រ្តី។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ចំណាយពេលប្រមាណ៣ម៉ោង សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ទៅកាន់គណ:អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យពិភាក្សាទៅលើសេចក្តី ព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្នុងខណ:ប្រទេសជាតិ ក៏ដូចជា ពិភពលោក ទាំងមូល កំពុងរីករាលដាលនៃជំងឺកូវីដ១៩ មានលក្ខណះជាសកលនោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនទាន់មានច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ននៅឡើយនោះទេ ដូច្នេះការបង្កើតច្បាប់នេះឡើង ដើម្បីជាឧបករណ៍ផ្នែកច្បាប់មួយគ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានអាសន្ន។
ដូចគ្នានឹងប្រសាសន៍លើកឡើងរបស់សម្តេចតេជោ នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីការអញ្ជើញចូលរួមសម័យ ប្រជុំពេញអង្គលើកទី៣៣ នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៣០ ខែមីនា ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងបានធ្វើសេចក្តីព្រាងច្បាប់នេះរួចរាល់ហើយ មានទាំងសេចក្តីថ្លែងហេតុប្រុងប្រៀប។ យើងនឹងមានការបែងចែកថាអ្វីខ្លះដែលត្រូវធ្វើ អ្វីខ្លះដែលមិនត្រូវធ្វើ ហើយពេលនោះដាក់ចេញវិធានការ បិទទីតាំងសាធារណៈ និងឯកជនណាមួយ ដែលមានភាពចាំបាច់ដើម្បីឆ្លើយតប»។
សម្តេចតេជោបានបញ្ជាក់ផងដែរថា សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងគ្រាមានសអាសន្ន ត្រូវបានរៀបចំដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ព្រមទាំងបានបញ្ជូនទៅបណ្តា ឧបនាយករដ្ឋមន្ត្រីទាំងអស់ផងដែរ។ តាមរដ្ឋធម្មនុញ្ញរបស់កម្ពុជាបានចែងថា ការដាក់ប្រទេសឱ្យស្ថិតនៅក្នុងគ្រាអាសន្ន គឺជាការអនុវត្តតាមមាត្រា២២ នៅពេលដែលប្រទេសជាតិស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលមិនអាចព្យាករណ៍បាន។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនបានចែងច្បាស់ និងលម្អិតអំពីអត្ថន័យ ឬសកម្មភាព ការដាក់ប្រទេសជាតិឱ្យស្ថិតនៅក្នុងគ្រាអាសន្ននោះទេ។
មាត្រា ២២ថ្មី ចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យក្នុងកិច្ចប្រជុំគណៈ អចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីនៅព្រឹកនេះរួចហើយ សេចក្តីព្រាងច្បាប់គ្រប់គ្រងប្រទេសជាតិ ក្នុងភាពអាសន្ននឹងត្រូវលើកមកពិភាក្សា និងសម្រេចក្នុងកិច្ចប្រជុំពេញអង្គ របស់គណៈរដ្ឋមន្ត្រីនៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីរំពឹងផងដែរថា រដ្ឋសភានឹងពន្លឿនក្នុងការពិនិត្យ និងអនុម័តទៅលើសេចក្តីព្រាងច្បាប់មួយនេះ បន្ទាប់ពីគណៈរដ្ឋមន្រ្តីធ្វើការពិនិត្យសម្រេចហើយនោះ៕