សមត្ថកិច្ច បញ្ជូនជនជាតិវៀតណាម ២នាក់ ឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ពាក់ព័ន្ធករណីរត់ពន្ធគ្រឿងញៀន ២៧កញ្ចប់ធំ ដឹកតាមរថយន្តក្រុង ឆ្លងតាមច្រកអន្តរជាតិត្រពាំងក្រៀល
ស្ទឹងត្រែង ៖ ក្រោយពីការសួរនាំនៅស្នងការនគរបាលខេត្តស្ទឹងត្រែង បុរសជនសង្ស័យដែលជាជនជាតិវៀតណាម២នាក់ដែលលួចដឹកគ្រឿងញៀនចំនួន២៧កញ្ចប់ធំ រួមនឹងសារធាតុញៀនផ្សេងមួយចំនួនទៀតតាមរថយន្តក្រុង ត្រូវបានតុលាការខេត្តស្ទឹងត្រែង បញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ។
ករណីនេះ បើតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២៩២៤ មានរថយន្តក្រុង១គ្រឿងត្រូវបានឃាត់ត្រួតពិនិត្យ និងឆែកឆេរ ពាក់ស្លាកលេខឡាវ-7979 ដឹកអ្នកដំណើរចេញពីប្រទេសឡាវ ចូលមកខេត្តស្ទឹងត្រែង នៃប្រទេសកម្ពុជា តាមច្រកទ្វារត្រពាំងក្រៀល ពេលនោះយសមត្ថកិច្ចបានប្រទះឃើញ មានផ្ទុកម្សៅក្រាមពណ៌សថ្លា និងថ្នាំគ្រាប់មួយចំនួន នៅក្រោមកៅអីអង្គុយផ្នែកខាងក្រោយរថយន្តក្រុងនោះ ។
មន្ត្រីនគរបាល បានបន្តឲ្យដឹងទៀតថា ថ្នាំញៀនដែលឆែកឆេរឃើញនៅក្នុងរថយន្តក្រុងនោះ មានចំនួន២៧កញ្ចប់ធំ (ដុំធំ) ជាប្រភេទក្រាមពណ៌សថ្លា(សង្ស័យជាសារធាតុញៀន)និងប្រភេទថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាប្រភេទថ្នាំគ្រវី) ចំនួន១០ដុំធំ ជាប្រភេទម្សៅសង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន គ្រាប់ពណ៌ក្រហមតូចៗចំនួន៤៦៥គ្រាប់ សង្ស័យជាសារធាតុញៀនប្រភេទថ្នាំយ៉ាម៉ា និងក្រាមពណ៌សថ្លា១កញ្ចប់តូច ។
មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានឱ្យដឹងទៀតថា ក្រោយពីមានការសង្ស័យបែបនេះ ប៉ុស្តិ៍នគរបាលច្រកទ្វារបានស្នើសុំកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងសមត្ថកិច្ចមូលដ្ឋានដែលពាក់ព័ន្ធ ដើម្បីសហការត្រួតពិនិត្យបន្ថែម និងបានបញ្ជូនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងដែលដកហូតបាន ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ករណីជួញដូរគ្រឿងញៀនឆ្លងដែនបែបនេះ ចេញពីប្រទេសជិតខាងចូលមកកាន់ទឹកដីខេត្តស្ទឹងត្រែង គឺត្រូវបានកើតមានឡើងជាច្រើនលើកច្រើសារួចមកហើយ ព្រមទាំងក្រុមឧក្រិដ្ឋជនក៏ត្រូវបានឃាត់ខ្លួនជាច្រើននាក់យកទៅដាក់ពន្ធនាគារផងដែរ។ ប៉ុន្ដែទោះយ៉ាងនេះក្តី ក្រុមឧក្រិដ្ឋជននៅតែហ៊ានលួចប្រព្រឹត្តជួញដូរគ្រឿងញៀនមិនញញើតច្បាប់សោះឡើយ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ