ឧត្តមសេនីយ៍ឯក ស រដ្ឋា ប្រាប់ភ្នាក់ងារសន្ដិសុខឯកជន នៅខេត្តព្រះសីហនុ រាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ក្នុងករណីសង្ស័យមានបទល្មើសកើតឡើង ដើម្បីសំដៅទប់ស្កាត់ទាន់ពេលវេលា
ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលកំពុងបម្រើការងារនៅខេត្តព្រះសីហនុ ត្រូវចូលរួមសហការ និងរាយការណ៍បន្ទាន់មកសមត្ថកិច្ចជំនាញ ពិសេសសមត្ថកិច្ចមូលដ្ឋាន ក្នុងករណីសង្ស័យថា នៅទីតាំងដែលខ្លួនកំពុងបម្រើការងារមានបទល្មើសកើតឡើង សំដៅទប់ស្កាត់ បង្ការ និងឈានដល់ការបង្ក្រាបឲ្យបានទាន់ពេលវេលា។
ការលើកឡើងរបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៤ នៅខេត្តព្រះសីហនុ ដែលមានសិក្ខាកាមចូលរួមចំនួន ២២០រូប ស្រី៤រូប ដែលមកពីគ្រឹះស្ថានឯកជន ចំនួន៦៣ និងក្រុមហ៊ុនផ្តល់សេវាកម្ម ចំនួន ២៩ក្រុមហ៊ុន ទូទាំងខេត្តព្រះសីហនុ ដែលមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានក្រើនរំលឹក ក៏ដូចជាអំពាវនាវដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើននូវកិច្ចសហការល្អ ហើយអាចរាយការណ៍គ្រប់ប្រភេទនៃបទល្មើស ដូចជា ករណីគ្រឿងញៀន ជួញដូរមនុស្ស ការប្រើប្រាស់អាវុធខុសច្បាប់ ក្មេងទំនើង ចោរកម្ម។
លោកឧត្តមសេនីយ៍ឯក ជឿជាក់ថា ប្រសិនបើភ្នាក់ងារសន្ដិសុខឯកជន ដែលឆ្លងកាត់វគ្គបំប៉នជំនាញនេះ បង្កើននូវកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងករណីសង្ស័យមានអំពើល្មើសណាមួយដែលអាចកើតឡើង ច្បាស់ណាស់បទល្មើសនៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ នឹងកាន់តែមានការថយចុះ។
លោក បន្ដថា បច្ចុប្បន្នមានក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន សហគ្រាស និងគ្រឹះស្ថាន ដែលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជនមួយចំនួន នៅមានភាពខ្វះចន្លោះជាច្រើន ដូចជា ការគ្រប់គ្រងប្រព័ន្ធបច្ចេកទេស សំភារៈ និងការ ជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ដែលកត្តាទាំងអស់នេះ ធ្វើឲ្យជនខិលខូច និងឧក្រិដ្ឋជនមួយចំនួន បានជ្រកកោណក្រោមគ្រឹះស្ថានភ្នាក់ងារសន្តិសុខឯកជន ហើយ ប្រព្រឹត្តបទល្មើស ឬសមគំនិតប្រព្រឹត្តបទល្មើផ្សេងៗ។
លោក សង្កត់ធ្ងន់ថា ការងារសន្តិសុខឯកជននេះ ពិតជាមានសារៈសំខាន់ណាស់ ដែលម្ចាស់គោលដៅ និងអតិថិជន ក៏ដូចជាប្រជា ពលរដ្ឋទូទៅទុកចិត្តបំផុត ព្រោះភ្នាក់ងារសន្តិសុខឯកជននៅផ្ទាល់ជាមួយពួកគាត់ ក្នុងការ ការពារសន្តិសុខ សុវត្ថិភាពផ្ទាល់តែម្តង។ លោកថា «បើយើងមិនអាចគ្រប់គ្រងលើការងារនេះបានទេវាអាចបង្កហានិភ័យ តាមបណ្ដាគោលដៅនានា ដែលងាយរងគ្រោះ ដូចជា៖ ធនាគារ សណ្ឋាគារ កាស៊ីណូ, ក្លឹបកំសាន្ត និងកន្លែងផ្សេងៗទៀត»៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ