សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ មេធាវីគ្រប់រូប បន្តជួយការពារក្តីដល់ជនក្រីក្រ ដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា មេធាវីគ្រប់រូប បន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រ ដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់។
នាឱកាសអញ្ជើញជាអធិបតីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃកម្ពុជា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ត្រូវបន្តជ្រើសរើសសម្រិតសម្រាំងគ្រូបណ្តុះបណ្តាល ប្រកបដោយសមត្ថភាពខ្ពស់ ទាំងជំនាញរឹង និងជំនាញទន់, បន្តធ្វើបច្ចុប្បន្នភាពលើមុខវិជ្ជាដែលត្រូវបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀនឱ្យមានលក្ខណៈទំនើប ទាន់សម័យ និងស្របតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
សម្ដេចធិបតី បន្ដថា គណៈមេធាវី ត្រូវបន្តអនុវត្តគោលនយោបាយ និងបេសកកម្មរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការការពារក្តី និង ផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ដល់ជនក្រីក្រ ជនងាយរងគ្រោះ ស្ត្រី និង កុមារ និង ពង្រីកសកម្មភាពផ្សព្វផ្សាយច្បាប់ដល់សាធារណជន, ព្រមទាំង ចូលរួមលើកកម្ពស់គោលការណ៍នីតិរដ្ឋ ដើម្បីចូលរួមលើកកម្ពស់យុត្តិធម៌សង្គម ប្រយុទ្ធប្រឆាំង អំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និង ពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យ យុត្តិធម៌។
សម្ដេចធិបតី ក៏បានលើកទឹកចិត្តក្រសួងយុត្តិធម៌ សហការជាមួយគណៈមេធាវី ដើម្បីពិនិត្យការធ្វើវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ពីព្រោះច្បាប់នេះបានអនុវត្តអស់រយៈពេលជិត៣០ ឆ្នាំហើយ គួរតែធ្វើបច្ចុប្បន្នភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម សេដ្ឋកិច្ច បច្ចេកវិទ្យា និង ឧត្តមានុវត្ត, ដូចជាការគ្រប់គ្រងការប្រកបវិជ្ជាជីវៈ ការផ្សព្វផ្សាយវិជ្ជាជីវៈ និង របៀបនៃការ បោះឆ្នោតជ្រើសរើសប្រធាន និង ក្រុមប្រឹក្សាគណៈមេធាវីជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «មេធាវីគ្រប់រូប សូមបន្តជួយការពារយុត្តិធម៌នៅក្នុងសង្គម ជាពិសេសបន្តជួយការពារក្តីដល់ជនក្រីក្រដោយមិនយកកម្រៃ និងដោយយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តអាណិតស្រឡាញ់ដូចសមាជិកគ្រួសាររបស់យើង»៕EB