ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា មកទល់ពេលនេះកម្ពុជា បានត្រៀមរោងចក្រផលិតម៉ាស់ខ្លួនឯងហើយ ដែលចាប់ពីពេលនេះតទៅ អាច ផលិតបាន ១លាន ២សែនម៉ាស។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរ នៅលេីបណ្ដាញសង្គម ហ្វេសប៊ុក នារសៀល ថ្ងៃ ទី ២ ខែមេសា ឆ្នាំ ២០២០ថា ពលរដ្ឋកម្ពុជា មានជំនឿទុកចិត្តលើវិធានការសុខភាពសាធារណៈ របស់រាជរដ្ឋាភិបាល។

សម្ដេចតេជោ បន្ដថា ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាការពារអនាម័យផ្ទាល់ខ្លួន និងអនាម័យក្នុងក្រុមគ្រួសារឲ្យបានល្អ ជាពិសេសក្នុងពេលដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ពលរដ្ឋត្រូវមានជាប់តាមខ្លួននូវម៉ាស ឬក្រមា និងទឹកថ្នាំអាល់កុល ឬចឹលលាងដៃសម្លាប់មេរោគបាក់តេរី។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា “មកទល់ពេលនេះកម្ពុជាបានត្រៀមរោងចក្រផលិតម៉ាសខ្លួនឯងហើយ ដែលចាប់ពីពេលនេះទៅអាចបាន១លា២សែនម៉ាស ហើយនឹងបង្កើនសមត្ថភាពផលិតអោយបានច្រើនថែមទៀត”។

សម្ដេចតេជោ បញ្ជាក់ថា រាជរដ្ឋាភិបាលក៏បានត្រៀមរោងចក្រក្នុងស្រុកមួយទៀតសម្រាប់ផលិតទឹកអាល់កុលសម្លាប់មេរោគ (SKD) ដែលបម្រុងសម្រាប់ជូនប្រជាពលរដ្ឋផង និងសម្រាប់ពេទ្យផង គឺជាង៥ពាន់លីត្រ ហើយនឹងបង្កើនសមត្ថភាពផលិតអោយច្រើនថែមទៀត ព្រោះត្រូវការលើសពីនោះ។

ជាមួយ គ្នានេះដែរ នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា សំភារៈពេទ្យ ដូចជា ខោ អាវ មួក ក៏នឹងត្រូវផលិតដោយរោងចក្រក្នុងស្រុក២ គឺនៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង ហើយសំភារៈមួយចំនួនទៀតដែលយើងផលិតមិនបានគឺនឹងនាំមកពីក្រៅប្រទេស។ សំភារៈពេទ្យយើងមួយចំនួនធំរួមទាំងថ្នាំពេទ្យ គឺបានរៀបចូលស្តុកក្នុងឃ្លាំងរួចរាល់អស់ហើយ។ ទោះបីមានសំភារៈបរិក្ខាពេទ្យមួយចំនួនត្រូវបាននាំចូលពីក្រៅប្រទេសពេញឃ្លាំងក្តី ក៏យើងត្រូវតែត្រៀមរោងចក្រក្នុងស្រុកសម្រាប់ផលិតសំភារៈនិងបរិក្ខារពេទ្យមួយចំនួនសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រទេសតែម្តង។

ក្រៅពីត្រៀមបម្រុងសំភារៈបរិក្ខារពេទ្យរួចរាល់ហើយ គឺយើងបានត្រៀមរៀបចំស្តុកបម្រុងអង្ករ និងអំបិល និងម្ហូបចំណីមួយចំនួនទៀត អត់មានអោយនាំចេញទៅលក់នៅក្រៅប្រទេសទេ ដើម្បីធានាថាពលរដ្ឋខ្មែរនៅតែមានអង្ករនិងម្ហូបអាហារទទួលទានទោះបីក្នុងស្ថានភាពបែបណាក៏ដោយ។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ប្រជាពលរដ្ឋកុំអោយមានការតក់ស្លុតអោយសោះ កម្ពុជាមិនអោយមានសភាពស្លាប់គរជើងដូចឃើញនៅក្រៅប្រទេសនោះឡើយ។ ទន្ទឹមនឹងនេះ ក៏សូមប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យអោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងសហការជាមួយមន្ទីរពេទ្យប្រសិនបើមានការសង្ស័យនៃជំងឺឆ្លងកូវីដ-១៩៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ