ភ្នំពេញ  ៖  សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ត្រីនៃកម្ពុជា  បានផ្ដាំផ្ញេីក្រុមការងារគណបក្សប្រជាជនកម្ពុជា ថា  កុំហៅប្រជាពលរដ្ឋចូលរួមប្រជុំ  ត្រូវទៅកន្លែងដែលពួកគាត់រស់នៅតែម្ដង  ដេីម្បីប្រយុទ្ធប្រឆាំង នឹង  កូវីដ-១៩។


សម្ដេចតេជោ  ហ៊ុន  សែន  បានសរសេរនៅលេីបណ្ដាញសង្គមហ្វេសប៊ុក  នាថ្ងៃទី២៩  ខែមីនា  ឆ្នាំ ២០២០  ថា កម្ពុជាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង  កូវីដ-១៩ ទាំងអស់គ្នា។



សម្ដេច មានប្រសាសន៍ ថា  "សូមក្រុមការងារគណបក្សប្រជាជនកម្ពុជា រាប់ទាំងសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងមន្រ្តីនៃសមាជិករាជរដ្ឋាភិបាល អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្តចុះជួយអប់រំផ្សព្វផ្សាយវិធីបង្កាទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ជាប្រចាំនៅតាមមូលដ្ឋានដោយនាំទៅជាមួយនូវម៉ាស ឬក្រមា  អង្ករ  មី  ត្រីខ ចែកជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន  ផងដែរ"។

សម្ដេច   បញ្ជាក់ថា  "កុំចាំហៅពួកគាត់ឲ្យមកចូលរួមប្រជុំ តែសូមទៅកាន់ទីកន្លែងដែលពួកគាត់រស់នៅតែម្តង ជាពិសេសក្នុងស្ថានភាពដែលយើងទាំងអស់គ្នាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩"។

សម្ដេចតេជោ  ហ៊ុន  សែន  លេីកឡេីងថា ដើម្បីសុវត្ថិភាពសុខភាពផ្ទាល់ខ្លួន និងសម្រាប់គ្រួសារ សូមប្រជាពលរដ្ឋសហការជាមួយមន្ទីរសុខាភិបាល។ សម្ដេច ថា  ក្នុងករណីមានការសង្ស័យ ហើយត្រូវការពិភាក្សាប្រឹក្សាយោបល់ សូមខលមកលេខ ១១៥ ជាបន្ទាន់។


សូមរំលឹកថា គិតត្រឹមថ្ងៃទី២៩ ខែមីនានេះ ចំនួនអ្នកឆ្លងវីរុសCovid-19 នៅកម្ពុជា មានសរុបចំនួន១០៣នាក់ ក្នុងនោះអ្នកជាសះស្បើយ មានសរុបចំនួន២១នាក់ ៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ