កម្ពុជា-ចិន សហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែន បានជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា ជួញដូរមនុស្ស និងគ្រឿងញៀន
ភ្នំពេញ ៖ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ កម្ពុជា-ចិន បានសហការស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។
នៅថ្ងៃទី៦ សីហា លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា និងលោក វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខចិន បានចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ បន្ទាប់ពីភាគីទាំងពីរ បានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩មក។
ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងប៉េកាំង នាឱកាស លោកឧបនាយករដ្ឋមន្រ្តី ស សុខា និងលោក វ៉ាង ស៊ាវហុង អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា ស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។
ផែនការការងារស្តីពី ការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈ ចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។
សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ដល់ឆមាសទី១ឆ្នាំ២០២៤ ភាគីទាំងពីរបានសហការស្រាវជ្រាវនិងបង្ក្រាបបទល្មើសឆ្លងដែនជាច្រើនករណី ទាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា អំពើជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀនជាដើម។
សូមបញ្ជាក់ថា លោកឧបនាយករដ្ឋមន្រ្តី ស សុខា បាននិងកំពុងបំពេញទស្សនកិច្ចការងារ នៅប្រទេសចិន តបតាមការអញ្ជើញរបស់ លោក វ៉ាង ស៊ាវហុង និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចធិបតីនាយករដ្ឋមន្រ្តី៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ