ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។

ក្នុងលិខិតដែលបណ្ដាញព័ត៌មាន   ទទួលបាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ គ.ជ.ប បានធ្វើការអំពាវនាវដូចខាងក្រោម៖


ទី១៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧:០០ព្រឹក រហូតដល់ម៉ោង៣:០០រសៀល

ទី២៖ ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋខ្មែរត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរមានសុពលភាព (អ.ខ) ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត (ឯ.អ)។ ករណីប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ ប៉ុន្តែពុំទាន់មានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬបានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ ប្រជាពលរដ្ឋអាចប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ឆ្នាំ២០២៣ ដើម្បីបោះឆ្នោត។ 

ទី៣៖ ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២២ និងកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេស សូមវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាមកាលបរិច្ឆេទដែលបានកំណត់កុំបីខាន។

គ.ជ.ប សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ អញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តសិទ្ធិរបស់ខ្លួន ហើយ គ.ជ.ប ស្នើសុំការសហការពីស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាទាំងអស់ មេត្តាជួយផ្សព្វផ្សាយសេចក្តីអំពាវនាវនេះដល់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបំពេញបេសកកម្ម ឬរស់នៅ និងធ្វើការនៅក្រៅប្រទេសឲ្យបានទូលំទូលាយ៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ