ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានរៀបចំកម្មវិធីអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៣០ ឧសភា នេះ លោក តុប ឫទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេស នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប និងជាប្រធានដឹកនាំកម្មវិធីនេះ បានថ្លែងថា ការអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត ដើម្បីធ្វើការពិនិត្យទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់នៅពេលនេះ គឺមានគោលបំណងដើម្បីឱ្យការរៀបចំទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវដាក់នៅលើសន្លឹកឆ្នោត មានភាពត្រឹមត្រូវ ច្បាស់លាស់ និងមានការបញ្ជាក់ទទួលស្គាល់ដោយសាមីគណបក្សនយោបាយនីមួយៗ។

លោក បានឱ្យដឹងថា ទម្រង់ទំហំសញ្ញាសម្គាល់ និងឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ ដែលត្រូវពិនិត្យនៅក្នុងកម្មវិធីនេះ គឺជាទម្រង់ដែលសាមីគណបក្សនយោបាយនីមួយៗ បានផ្ញើជូន គ.ជ.ប។

បន្ទាប់ពីធ្វើការពិនិត្យ និងផ្ដល់មតិយោបល់រួចរាល់ ជាលទ្ធផលតំណាងគណបក្សនយោបាយចំនួន១៥ គណបក្ស បានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់លើទម្រង់ទំហំសញ្ញាសម្គាល់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ អក្សរកាត់ របស់គណបក្សខ្លួន ដោយឡែកគណបក្សនយោបាយ ចំនួន ៣ គណបក្សផ្សេងទៀត បានសុំកែសម្រួលនូវចំណុចខ្លះ។ ការសុំកែសម្រួលនេះ ត្រូវធ្វើរួចរាល់ និងមានចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់ដោយសាមីគណបក្សនយោបាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។

សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប ក៏បានរៀបចំការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោតរួចរាល់ហើយដែរ ដូចនេះការងារបន្ទាប់ គ.ជ.ប នឹងចាត់ចែងការផលិត និងបោះពុម្ពសន្លឹកឆ្នោត ឱ្យបានទាន់ពេលវេលា សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ