ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ សម្រាប់ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧ នៅថ្ងៃទី២៣ កក្កដា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប។

នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ គ.ជ.ប បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បី ផ្សព្វផ្សាយអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការប្តឹងតវ៉ា និងការ ដោះស្រាយពាក្យបណ្តឹង។


មានប្រសាសន៍ក្នុងអង្គប្រជុំនោះ លោក នុត សុខុម អនុប្រធាន គ.ជ.ប បានបញ្ជាក់ជូនថា «តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ មានរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៤ ខែមេសា រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣»។

លោក បន្តថា ការដាក់ពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះ បោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ត្រូវធ្វើនៅ គ.ជ.ប។ ប្រធានគណបក្សនយោបាយ ឬតំណាង ដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ត្រូវចុះហត្ថលេខា លើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ដើម្បី ដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច។

ជាមួយគ្នានោះដែរ លោក នុត សុខុម បានជម្រាបជូនដល់ភាគីពាក់ព័ន្ធអំពីនីតិវិធីនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ អំពីភាពមានសិទ្ធិឈរឈ្មោះជា បេក្ខជន និងភាពគ្មានសិទ្ធិឈរឈ្មោះជាបេក្ខជន។ ការដាក់ពាក្យសុំច្បាប់ឈប់ពិសេស ឬលចាក សិក្ខាបទ សម្រាប់មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងកម្លាំងនគរបាលជាតិ កងយោធពលខេមរ ភូមិន្ទ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងបព្វជិតសាសនា ដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសឬលាចាកសិក្ខាបទ រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាស្ថាពរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ