ប្រធាន គ.ជ.ប អំពាវនាវដល់អាជ្ញាធរ ត្រូវទប់ស្កាត់ឱ្យបាននូវអំពើបំភិតបំភ័យ ឬគំរាមកំហែង ដល់សកម្មជនគណបក្សនយោបាយ និងអ្នកបោះឆ្នោត
ភ្នំពេញ៖ក្នុងដំណើរការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត នីតិកាលទី៧ នាពេលខាងមុខនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវទប់ស្កាត់ឱ្យបាននូវអំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន ឬសកម្មជន របស់គណបក្សនយោបាយ និងអ្នកបោះឆ្នោត។
ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម ស្ដីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្ដិសុខបោះឆ្នោត ក្នុងយុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការបោះឆ្នោត (គ.ស.អ) នាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា ដើម្បីធានាឱ្យដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ និងការដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក្នុងបរិយាកាសប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សានោះ លោកប្រធាន បានអំពានាវគ្រប់គណបក្សនយោបាយត្រូវគោរពច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងក្រមសីលធម៌សម្រាប់គណបក្សនយោបាយឱ្យបានហ្មត់ចត់។
លោកប្រធាន គ.ជ.ប បានបញ្ជាក់ថា «អាជ្ញាធរសាធារណៈទាំងអស់ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្អៀងក្នុងសកម្មភាព ការងាររបស់ខ្លួន និងហាមយកសម្ភារ និងមធ្យោបាយដឹកជញ្ជូនដែលជាទ្រព្យសម្បត្តិវង្ស ដើម្បីបម្រើឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយណាមួយ។ ៣- កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ ត្រូវប្រកាន់ជំហរអព្យាក្រឹត និងត្រូវ គោរពតាមក្រមសីលធម៌សម្រាប់កងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលរៀបចំដោយ គ.ជ.ប។ ទប់ស្កាត់ឱ្យបាននូវរាល់អំពើបំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន សកម្មជន គណបក្សនយោបាយ និងអ្នកបោះឆ្នោតតាមគ្រប់រូបភាព»។
លើសពីនេះ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំការ បោះឆ្នោត គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវសហការសម្របសម្រួល និងដោះស្រាយ បញ្ហាដែលអាចកើតមានក្នុងដំណាក់កាលឃោសនាបោះឆ្នោត និងការបោះឆ្នោត នៅតាមមណ្ឌលរាជធានី ខេត្តរបស់ខ្លួន៕EB