គ.ជ.ប ៖ ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា កំពុងប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក ខណៈមានគណបក្សនយោបាយ៤បានចូលរួមប្រកួតប្រជែងគ្នា។
ក្នុងពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃ២៨ ធ្នូ លោក ប្រាជ្ញ ចន្ទ ថ្លែងថា គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅលើសន្លឹកឆ្នោត ដែលនឹងត្រូវបោះពុម្ពលើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។
លោក ប្រាជ្ញ ចន្ទ បញ្ជាក់ថា «ក្នុងឱកាសដ៏ថ្លៃថ្លានេះ តាងនាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំព្រះករុណាសូមទូលថ្វាយសម្តេចព្រះរាជតំណាងសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិអន្តរជាតិទាំងអស់ ព្រះមេត្តាជ្រាប និងជ្រាបថា ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ កំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មតាមផែនការមេ និងប្រតិទិនដែលបានគ្រោងទុក»។
ប្រធាន គ.ជ.ប បន្ដថា នៅពេលខាងមុខ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវផលិតសន្លឹកឆ្នោតសម្រាប់ ភូមិភាគនីមួយៗ ដើម្បីប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនៅក្នុងសន្លឹកឆ្នោតទាំងនោះ ត្រូវការជាចាំបាច់នូវលំដាប់លេខរៀងឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត ដែលនឹងត្រូវកំណត់ជាលេខរៀងរបស់គណបក្សនយោបាយនីមួយៗនៅលើ សន្លឹកឆ្នោតសម្រាប់ភូមិភាគទាំង ៨។
សូមរំលឹកថា លទ្ធផល នៃការចាប់ឆ្នោតលេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបានលេខរៀងទី១ , គណបក្សឆន្ទៈខ្មែរលេខរៀងទី២ , គណបក្សហ្វ៊ុនស៊ិនប៉ិចលេខរៀងទី៣ និងគណបក្សកម្លាំងជាតិលេខរៀងទី៤៕EB