កូរ៉េខាងត្បូងបាញ់ព្រមាន កប៉ាល់ដឹកទំនិញមួយគ្រឿងរបស់ កូរ៉េខាងជើងដែលធ្វើដំណើរឆ្លងព្រំដែនសមុទ្រ
កូរ៉េខាងត្បូង ៖ យោធាកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា បានបាញ់ព្រមានដាក់នាវាដឹកទំនិញមួយគ្រឿងរបស់កូរ៉េខាងជើងដែលបានធ្វើដំណើរឆ្លងកាត់ព្រំដែនសមុទ្រ នៅក្នុងតំបន់ជម្លោះដែនទឹកនៃឆ្នេរភាគខាងលិចឧបទ្វីបកូរ៉េ ហើយនាវានោះបានបកត្រឡប់ក្រោយវិញភ្លាមៗ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោធាកូរ៉េខាងត្បូង បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថាយោធាកូរ៉េខាងត្បូងក៏បានធ្វើការព្រមានដោយពាក្យសម្ដីផងដែរ មុននឹងធ្វើសកម្មភាពបាញ់ព្រមាន។ការឈ្លានពានរបស់កូរ៉េខាងជើងបានកើតឡើងនៅពេលដែលភាពតានតឹងបានផ្ទុះឡើងជុំវិញសកម្មភាពយោធារបស់ទីក្រុងព្យុងយ៉ាងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីបឥន្ធនៈរឹងថ្មីមួយកាលពីថ្ងៃសុក្រ ដែលអ្នកជំនាញអះអាងថានឹងជួយសម្រួលដល់ការបាញ់មីស៊ីល។
គួរបញ្ជាក់ថា ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ទីក្រុងព្យុងយ៉ាងបានជំទាស់នឹងខ្សែបន្ទាត់ព្រំដែនខាងជើង ដែលត្រូវបានបង្កើតឡើងនៅចុងបញ្ចប់នៃសង្រ្គាមកូរ៉េឆ្នាំ១៩៥០ ដល់ឆ្នាំ១៩៥៣ ដោយប្រកែកថាវាគួរតែខិតទៅភាគខាងត្បូងបន្ថែមទៀត។ បន្ថែមលើនោះ កាលពីខែតុលាកន្លងទៅ កូរ៉េទាំងពីរបានបើកការបាញ់ព្រមានទៅវិញទៅមកនៅក្នុងដែនទឹកភាគខាងលិច ដោយចោទប្រកាន់គ្នាថាបានរំលោភព្រំដែនសមុទ្រនៅក្នុងតំបន់៕