រដ្ឋាភិបាលហ្វីលីពីន សម្រេចលុបចោលថ្នាក់រៀន និងជើងហោះហើរមួយចំនួន ក្រោយព្យុះ Bualoi នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំង
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន សម្រេចលុបចោលថ្នាក់រៀន និងជើងហោះហើរមួយចំនួន ខណៈដែលព្យុះថ្មី ត្រូពិច Bualoi ដ៏ខ្លាំងក្លាបានគំរាមកំហែងប្រទេសនេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៥។
ការព្យាករណ៍បង្ហាញថាព្យុះ Bualoi នឹងបង្កើនឥទ្ធិពលកាន់តែខ្លាំងទៅជាព្យុះទីហ្វុងនៅថ្ងៃសុក្រនេះ ដែលនាំមកនូវហានិភ័យនៃទឹកជំនន់រីករាលដាល បំណាក់ដី និងរលកសមុទ្រកើនដល់ ៣ ម៉ែត្រ ជាពិសេសនៅតំបន់ភាគខាងត្បូងនៃកោះ Luzon ។
អាជ្ញាធរបានជម្លៀសមនុស្សរាប់ពាន់នាក់រួចហើយ ខណៈដែលឆ្មាំឆ្នេរសមុទ្រហ្វីលីពីនរាយការណ៍ថាអ្នកដំណើរប្រហែល ១៥០០ នាក់បានជាប់គាំងនៅក្នុងកំពង់ផែ Bicol ខណៈដែលព្យុះខិតជិតមកដល់។ ជាមួយគ្នានេះសហគមន៍ជាច្រើននៅតែលិចទឹក និងងាយរងគ្រោះបន្ទាប់ពីការបំផ្លិចបំផ្លាញរបស់ព្យុះ Ragasa ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំបួននាក់។
គួរបញ្ជាក់ថាប្រទេសហ្វីលីពីនត្រូវបានវាយប្រហារដោយព្យុះជាមធ្យមចំនួន ២០ ក្នុងមួយឆ្នាំ នៅតែជាប្រទេសមួយដែលងាយរងគ្រោះបំផុតរបស់ពិភពលោកចំពោះបញ្ហាអាកាសធាតុ។ អ្នកវិទ្យាសាស្ត្រព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យព្យុះបែបនេះមានកម្លាំងកាន់តែខ្លាំងនិងប៉ះពាល់ដល់មនុស្សកាន់តែច្រើន៕