ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចេញមកទាត់ចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់ភាគីថៃ និងសារព័ត៌មានរបស់ថៃថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ»។ ផ្ទុយទៅវិញ កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់នោះឡើយ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងការពារជាតិ បានធ្វើការបដិសេធ និងសូមគូសបញ្ជាក់នូវការពិតថា៖
១៖ ការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២៖ ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣៖ កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ។
កងកម្លាំងរបស់កម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឲ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឲ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស៕