ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនគណៈប្រតិភូសភាសហរដ្ឋអាមេរិក អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និងសន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ ។

ការលើកឡើងរបស់សម្តេចធិបតី ប្រាប់ទៅកាន់គណៈប្រតិភូសភាអាមេរិក ខាងលើនេះធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យគណៈប្រតិភូ សភាសហរដ្ឋអាមេរិក ដឹកនាំដោយលោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយលោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព ។

ក្នុងឱកាសនៃជំនួបនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់គណៈប្រតិភូនាពេលនេះ មានគោលបំណងរួមចំណែក ពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ 

គណៈប្រតិភូសភាអាមេរិក ក៏បានកោតសរសើរ ចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។ 

ក្នុងជំនួបនោះដែរ សម្តេចធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដើម។ 

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចធិបតី បានថ្លែងអំណរគុណ ចំពោះលោកប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួល ឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះ អាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូន គណៈប្រតិភូសភាអាមេរិក អំពីបច្ចុប្បន្នភាព ស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ