រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ចាត់ទុកវិស័យបាល់ទាត់កម្ពុជារីកចម្រើន ព្រោះអតីតកាល កម្ពុជា ចាញ់ ហ្វីលីពីន ១០ទល់នឹង០
ភ្នំពេញ ៖ ទាក់ទិននឹងការប្រកួតរវាង ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-22 ជាមួយក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន U-22 ក្នុងលទ្ធផល ១-១ កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានកោតសរសើរក្រុមកីឡាកររបស់កម្ពុជា និងចាត់ទុកថា វិស័យបាល់ទាត់របស់កម្ពុជា មានការរីកចម្រើនខ្លាំង។
ត្រង់ចំណុចនេះ លោក ខៀវ កាញារីទ្ធ បានរំលឹកអំពីអតីតកាល ដែលកាលពីជាង២០ឆ្នាំមុន គឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា មានការភាពទន់ខ្សោយនៅឡើយ ដោយពេលនោះ ក្រុមបាល់ទាត់កម្ពុជា បានចាញ់ក្រុមបាល់ទាត់ហ្វីលីពីន រហូតដល់១០ទល់នឹង០។
តាមរយៈ Facebook ផ្លូវការ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា «នឹកឃើញកម្ពុជាយើង ចេញទៅប្រកួតបាល់ទាត់កីឡាស៊ីហ្គេមដំបូង (មិនចាំឆ្នាំ ដឹងតែថា ក្រោយបោះឆ្នោត១៩៩៣) ពេលប្រកួតជាមួយហ្វីលីពីន គេស៊ីយើង១០-០។ មកមើលពេលនេះវិញ បានយើងដឹងថា ក្រុមបាល់ទាត់យើងឡើងដល់កម្រិតណា»។
សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមបាល់ទាត់ជម្រើសជាតិ យុវជនអាយុក្រោម២២ឆ្នាំកម្ពុជា បានត្រឹមស្មើជាមួយហ្វីលីពីន ១-១ ក្នុងព្រឹត្តិការណ៍កីឡាចម្រុះ SEA Games លើកទី៣២ នៃប្រកួតទី២ សម្រាប់ពូល A តាមរយៈលទ្ធផលនេះ ក្រុមកម្ពុជា រកបានត្រឹម ៤ពិន្ទុ បន្តឈរកំពូលតារាងបណ្តោះអាសន្ន។ ការប្រកួតធ្វើឡើង នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕EB
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ