កូរ៉េខាងត្បូង៖  នៅថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ នេះកូរ៉េខាងត្បូង បានប្រកាសដាក់ទណ្ឌកម្មលើជនជាតិកូរ៉េខាងជើង ៧នាក់ និងកប៉ាល់២គ្រឿងរបស់រុស្ស៉ី ពាក់ព័ន្ធនឹងការជួញដូរ អាវុធ និងសកម្មភាពផ្សេងទៀតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ នេះបើតាមការបញ្ជាក់ពី ក្រសួងការបរទេសកូរ៉េខាងត្បូង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាកប៉ាល់រុស្ស៉ីបានដឹកទូរកុងតឺន័រក្នុងចំនួនដ៏ច្រើន នៅក្នុងការដឹកជញ្ជូនសម្ភារៈយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង ដែលជាទង្វើបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ ប៉ុន្តែទាំងមូស្គូ និងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ។


គួរបញ្ជាក់ថា តាមក្រសួងការបរទេសកូរ៉េខាងត្បូង ក្នុងចំណោមជនជាតិកូរ៉េខាងជើងទាំង៧ ដែលជាប់ទណ្ឌកម្ម មានម្នាក់ជាអ្នកតំណាងក្រុមហ៊ុនរដ្ឋកូរ៉េខាងជើងមានមូលដ្ឋាន ក្នុងប្រទេសស៊ីរី ដែលទទួលបន្ទុកកិច្ចចរចាលើកកម្ពស់ការជួញដូរអាវុធជាមួយជនជាតិរុស្ស៉ីម្នាក់មកពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅចន្លោះពីឆ្នាំ២០២២ និងឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ