សហរដ្ឋអាមេរិក ៖រយៈពេលកន្លងមកនេះប្រធានបទអំពីបច្ចេកវិទ្យា AI បានទាក់ទាញចំណាប់អារម្មណ៍បុគ្គលល្បីៗ និង សាមញ្ញជនជាច្រើន។ ជាក់ស្ដែងដូចជាថ្មីៗនេះលោក ពូទីន ប្រធានាធិបតីប្រទេសរុស្សីបានលើកឡើងថា ប្រទេសណាដែលខ្លាំងខាងបច្ចេកវិទ្យា AI នឹងជាអ្នកគ្រប់គ្រងពិភពលោក។

AI ជាពាក្យកាត់មកពីពាក្យពេញថា Artificial Intelligence ដោយវាជាប្រព័ន្ធកុំព្យូទ័រមួយដែលអាចធ្វើកិច្ចការទាំងឡាយណា ដែលមនុស្សត្រូវប្រើបញ្ញាដើម្បីធ្វើទៅបាន។ Mary-Anne Williams សាស្ត្រាចារ្យផ្នែករ៉ូបូតនៅសកលវិទ្យាល័យបច្ចេកវិទ្យានាទីក្រុងស៊ីដនីបានលើកឡើងថា ៖ "បច្ចេកវិទ្យា AI អាចមានលក្ខណៈសាមញ្ញដូចជាកម្មវិធី ដែលអាចលេងអុកបាន ឬ អាចមានលក្ខណៈស្មុគស្មាញដូចជារថយន្តដែលបើកដោយគ្មានមនុស្សបញ្ជា”។


បើតាមធនាគារអាមេរិក Goldman Sachs ដែលជាធនាគារវិនិយោគធំលំដាប់ទី២របស់ពិភពលោក មានមូលដ្ឋាននៅទីក្រុងញូវយ៉កបានបង្ហាញថា ប្រាជ្ញាសិប្បនិម្មិត ឬ Artificial Intelligence (AI) ដែលសំដៅលើប្រាជ្ញារបស់ម៉ាស៊ីន ឬកុំព្យូទ័រនោះ នឹងអាចជំនួសការងារពេញម៉ោងរបស់មនុស្សស្មើនឹង៣០០លាននាក់

របាយការណ៍បានបង្ហាញថា AI អាចជំនួសការងារមួយភាគបួននៃការងារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដែលដំណើរការដោយស្វ័យប្រវត្តិក្នុងកម្រិតជាក់លាក់ណាមួយ។ ហើយទីបំផុតវាអាចបង្កើនតម្លៃសរុបប្រចាំឆ្នាំនៃទំនិញ និងសេវាកម្មដែលផលិតទូទាំងពិភពលោកបាន ៧%។


របាយការណ៍បានបន្តថា នៅសហរដ្ឋអាមេរិកការងារភាគច្រើនត្រូវការមនុស្សដែលជាចំណែកសំខាន់ ប៉ុន្តែផ្នែកខ្លះនៃបន្ទុកការងារពួកគេគឺ ២៥-៥០% អាចជំនួសបាន។ AI ជំនាន់ថ្មីដូចជា ChatGPT អាចបង្កើតមាតិកាស្រដៀងគ្នាទៅនឹងផលការងាររបស់មនុស្សដែរ ហើយអាចជំរុញឱ្យមានការរីកចម្រើនផលិតភាពក្នុងពេលមួយទសវត្សខាងមុខ។


យ៉ាងណាមិញ របាយការណ៍របស់ Goldman Sachs ក៏បានបញ្ជាក់ថា ការងារមួយចំនួនអាចរងផលប៉ះពាល់ដោយ AI ប៉ុន្តែការងារមួយចំនួនដូចជា ការងារផ្សារភ្ជាប់នឹងរាងកាយទំនងជា AI មិនមានអាចជំនួសបានទេ។ ម្យ៉ាងវិញទៀត ការងារជំនួយការិយាល័យ និងរដ្ឋបាលមានភាគរយខ្ពស់បំផុតនៃការងារដែលអាចដំណើរការដោយស្វ័យប្រវត្តិនៅរង្វង់ ៤៦% ដែលធ្វើឱ្យពួកគេប្រឈមនឹងហានិភ័យកាន់តែច្រើនក្នុងការជំនួសដោយ AI ។ភាគរយនៃការងារដែលអាចដំណើរការស្វ័យប្រវត្តិបានគឺ ៤៤% សម្រាប់ការងារផ្នែកច្បាប់ និង ៣៧% សម្រាប់ស្ថាបត្យកម្ម និងវិស្វកម្ម។ ចំណែកវិស័យជីវិត រូបវន្ត និងវិទ្យាសាស្ត្រសង្គមគឺជិត ៣៦% រីឯប្រតិបត្តិការអាជីវកម្ម និងហិរញ្ញវត្ថុដែលមានភារកិច្ចស្ថិតក្នុងរង្វង់ ៣៥% ដែលអាចដំណើរការដោយស្វ័យប្រវត្តិជាមួយ AI ។


ទាំងនេះគឺជាតួលេខសម្រាប់សហរដ្ឋអាមេរិក ខណៈដែលទិន្នន័យសម្រាប់អឺរ៉ុបគឺធំទូលាយជាងនេះ ប៉ុន្តែក៏ស្រដៀងគ្នាផងដែរ។ ដោយរបាយការណ៍បានបង្ហាញថា ២៤% នៃការងារនៅអឺរ៉ុបអាចដំណើរការដោយស្វ័យប្រវត្តិ ដែលស្ទើរតែដូចគ្នាទៅនឹង ២៥% នៅសហរដ្ឋអាមេរិក៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ