ក្រុមហ៊ុន Apple នឹងបញ្ចេញទូរស័ព្ទ iPhone អេក្រង់បត់នៅឆ្នាំ២០២៣ ហើយរំពឹងថា នឹងលក់បានរហូតដល់២០លានគ្រឿង
អាមេរិក៖ អ្នកវិភាគដ៏ល្បីពាក់ព័ន្ធនឹងក្រុមហ៊ុន Apple លោក Ming-Chi Kuo និយាយថា ទូរស័ព្ទ iPhone អេក្រង់បត់នឹងបង្ហាញខ្លួននៅឆ្នាំ២០២៣ខាងមុខនេះ ខណៈការលក់ត្រូវបានរំពឹងថា នឹងលក់បានចន្លោះ១៥ទៅ២០លានគ្រឿងក្នុងដំណាក់កាលដំបូង ។ យោងតាមប្រភព Phone Arena
អ្នកវិភាគដ៏ល្បីរូបនេះបន្តថា ទូរស័ព្ទ iPhone អេក្រង់បត់នឹងប្រើប្រាស់អេក្រង់ប្រភេទ អូលីដ (OLED) របស់ក្រុមហ៊ុន Samsung និងមានទំហំចន្លោះពី ៧.៥ ទៅ ៨អ៊ីង ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការរចនារូបរាងនោះ លោក Ming-Chi Kuo មិនបានបញ្ជាក់ឲ្យដឹងនោះទេ គ្រាន់តែបញ្ជាក់ថា iPhone អេក្រង់បត់នេះ នឹងត្រូវផលិតឡើងជាលក្ខណៈ អេកូ ស៊ីសស្ទែម (eco-system) ។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២១នេះ ត្រូវបានគេចាត់ទុកថា ជាយុគសម័យនៃស្មាតហ្វូតអេក្រង់បត់ ដោយក្រុមហ៊ុនផលិតទូរស័ព្ទធំៗបានប្រកាសបង្ហាញ និងដាក់ចេញនៅលើទីផ្សារ ខណៈ Apple ក៏ត្រូវបានគេដឹងថា បានសំងំផលិត iPhone អេក្រង់បត់ផងដែរ ៕RT