កៀវ៖ នៅក្នុងសង្គ្រាមវាយប្រយុទ្ធគ្នាយ៉ាងសាហាវ អស់រយៈពេលជាង៦ខែ រវាងកម្លាំងការពារទឹកដី និង កម្លាំងទាហានរបស់ក្រុងមូស្គូ កំពុងតែឈានចូលដល់ដំណាក់កាលថ្មី ខណៈកម្លាំងទ័ពរបស់អ៊ុយក្រែន កំពុងតែមានប្រៀប នៅលើសមរភូមិនានា រហូតវាយលុក ចូលហួសព្រំដែនជាមួយនឹងរុស្ស៊ី មានចម្ងាយប្រហែល៥០គីឡូម៉ែត្រ នៅតំបន់ខាគីវ (Kharkiv) ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី ១២ កញ្ញា ២០២២។

លោក វ៉ាឡែរីយ ហ្សាលូស្នី (Valeriy Zaluzhnyi) អគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា កម្លាំងការពារទឹកដីរបស់រដ្ឋាភិបាលក្រុងកៀវ បានវាយលុកយ៉ាងខ្លាំង នៅតំបន់ភាគខាងជើង ទីក្រុងខាគីវ (Kharkiv) រុលចូលទៅក្នុងព្រំដែនជាមួយនឹងរុស្ស៊ី មានចម្ងាយ៥០គីឡូម៉ែត្រ។ ក្រៅពីនេះ កងទ័ពអ៊ុយក្រែន ក៏បានវាយលុកដូចគ្នានេះ នៅតំបន់ភាគខាងត្បូង និង ភាគខាងកើតប្រទេសផងដែរ។

លោកអគ្គមេបញ្ជាការកងទ័ពអ៊ុយក្រែន បានសរសេរ នៅលើបណ្ដាញសង្គម តេឡេក្រាម ថា នៅខែនេះ កងទ័ពរបស់ក្រុងកៀវ បានរំដោះទឹកដី ទំហំជាង ៤ ៨០០គីឡូម៉ែត្រការ៉េ។ បច្ចុប្បន្ន កម្លាំងកងទ័ពអ៊ុយក្រែន កំពុងតែបន្ដខិតខំ វាយរំដោះទឹកដីដែលកាន់កាប់ដោយរុស្ស៊ី យកត្រឡប់មកគ្រប់គ្រងវិញ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ