រុស្ស៊ី៖ សហភាពអឺរ៉ុបបានស្នើឲ្យកំណត់តម្លៃលើឧស្ម័នរបស់រុស្ស៊ីកាលពីថ្ងៃពុធ ក្រោយលោកប្រធានា ធិបតី Vladimir Putin បានគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពល បើសហភាពអឺរ៉ុបធ្វើបែបនោះមែន ដែលបង្កើនហានិភ័យកាន់តែខ្លាំងនៃការបែកបាក់គ្នានៅក្នុងបណ្ដាប្រទេសអ្នកមានបំផុត របស់ពិភពលោកនៅរដូវរងានេះ។

ការជាប់គាំងដែលចេះតែរីកធំនេះ អាចបង្កឲ្យតម្លៃឧស្ម័ននៅសហភាពអឺរ៉ុបហក់ឡើងខ្ពស់កប់ពពកថែមទៀត ដោយបន្ថែមបន្ទុកចំណាយដល់បណ្ដារដ្ឋាភិបាលសហភាពអឺរ៉ុប ដែលកំពុងចំណាយប្រាក់ដើម្បីទប់កុំឲ្យក្រុមហ៊ុនផ្ដល់ថាមពលរបស់ពួកគេដួលរលំ និងការពារអតិថិជនជាប់គាំងសាច់ប្រាក់នៅក្នុងខែត្រជាក់ខាងមុខ។ សហភាពអឺរ៉ុបបានចោទប្រកាន់រុស្ស៊ីថា កំពុងយកការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធ សងសឹកទណ្ឌកម្មរបស់លោកខាងលិចដែលបានដាក់លើទីក្រុង Moscow ជុំវិញការវាយលុករបស់ខ្លួនចូលអ៊ុយក្រែន។

 រុស្ស៊ីបានស្ដីបន្ទោសទណ្ឌកម្មទាំងនោះថា ជាដើមចមបង្កឲ្យមានបញ្ហាការផ្គត់ផ្គង់ថាមពលដែលប៉ះពាល់ដល់បំពង់បង្ហូរប្រេង។

លោក Putin បាននិយាយថា កិច្ចសន្យានានានឹងត្រូវហែកចោលដោយសារការកំណត់តម្លៃឧស្ម័ននេះ ហើយបានព្រមានថា លោកខាងលិចប្រឈមការត្រជាក់កក ប្រៀបដូចជារឿងនិទានដ៏ល្បីរបស់រុស្ស៊ីនិយាយអំពីកន្ទុយចចក។ បណ្ដារដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុប គ្រោងនឹងរៀបចំកិច្ចប្រជុំបន្ទាន់មួយស្ដីពីបញ្ហានេះនៅថ្ងៃសុក្រស្អែកនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ