វៀតណាម៖មន្ត្រីបាននិយាយថា មនុស្សចំនួន ៥៧ នាក់បានរងរបួស បន្ទាប់ពីព្យុះ Noru បោកបក់ក្នុងភាគកណ្ដាលនៃប្រទេសវៀតណាម ដោយក្នុងនោះគ្មាននរណាម្នាក់បានស្លាប់នោះទេ ដែលលទ្ធផលនេះ ជាគុណសម្បត្តិរបស់អាជ្ញាធរ ដែលបានចាត់វិធានការយ៉ាងសកម្មជាមុន មុនពេលព្យុះមកដល់។
គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយវៀតណាម បាននិយាយកាលពីថ្ងៃពុធថា ខេត្ត Quang Ngai ភាគកណ្តាលនៃប្រទេសវៀតណាម ដែលព្យុះធ្វើដំណើរឆ្លងកាត់ មានមនុស្សចំនួន៤១នាក់រងរបួស ខណៈដែលតំបន់ ២ ទៀតមានមនុស្សរងរបួស៨នាក់។
ព្យុះនេះបានបំផ្លាញផ្ទះចំនួន ៩៤ ខ្នង ដែលខូចខាតទាំងស្រុង ក្នុងនោះផ្ទះ ៦៥ ខ្នង នៅខត្ត Quang Nam, ២១ ខ្នងនៅខេត្ត Quang Ngai ៦ខ្នង នៅខេត្តThua Thien-Hue និង២ខ្នង នៅខេត្ត Quang Tri។ ផ្ទះសំបែងជាង៣២០០ខ្នងទៀតបានប៉ើងដំបូលអស់។
ដំណាំប្រហែល១៣០០ហិកតា និងដើមឈើជាង៥២០០ ដើម បានរងការខូចខាត អំឡុងពេលមានព្យុះនេះ។ គោក្របីជាង១៦០០ និងបសុបក្សី១៥០០ក្បាលបានងាប់ ឬត្រូវទឹកហូរកួចយកទៅបាត់។ ផ្លូវជាច្រើនត្រូវបានជន់លិច និងរងការខូចខាត។នាវាចតចំនួន៩ នៅ Da Nang និង Quang Nam ត្រូវបានខូចខាត ឬលិច ដោយសារព្យុះនេះ។ព្យុះនេះ ក៏បានបំផ្លាញស្ថានីយថាមពលជាច្រើនផងដែរ ដែលបណ្តាលឱ្យដាច់ភ្លើងក្នុងតំបន់មួយចំនួន។
ព្យុះ Noru បានបោកបក់មកលើទីក្រុង Da Nang និងខេត្ត Quang Nam នៅម៉ោង ១ រំលងអធ្រាត្រថ្ងៃពុធ ដោយមានល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រ ក្នុង ១ ម៉ោង ដែលបានក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ៕SP
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់