ព្យុះទីហ្វុងម៉ៃសាក់បោកសង្គ្រប់លើកូរ៉េខាងត្បូង, មនុស្សម្នាក់ស្លាប់ និងរាប់ពាន់នាក់ត្រូវជម្លៀស
មនុស្សម្នាក់បានស្លាប់ និងមនុស្សច្រើនជាង ២,០០០នាក់ទៀត ត្រូវបានជម្លៀសទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈដែលព្យុះទីហ្វុងម៉ៃសាក់ (Maysak) បានបោកបក់ឆ្លងកាត់ឧបទ្វីបកូរ៉េ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។
ព្យុះទីហ្វុងម៉ៃសាក់ ដែលយកឈ្មោះតាមដើមឈើមួយប្រភេទ នៅប្រទេសកម្ពុជា បានវាយប្រហារ ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន កាលពីដើមសប្តាហ៍នេះ ហើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ វាបានវាយ ប្រហារតំបន់ឆ្នេរភាគខាងត្បូងនៃទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។អាជ្ញាធរកូរ៉េ ខាងត្បូងបាន ជម្លៀសមនុស្សច្រើនជាង ២,២០០នាក់ ទៅកាន់ទីជម្រកបណ្តោះអាសន្ន ខណៈដែលផ្ទះប្រមាណ ១២០,០០០ខ្នងបានដាច់ចរន្តអគ្គិសនីពេញមួយយប់ នៅទូទាំងតំបន់ភាគខាងត្បូងនៃប្រទេស ក្នុងនោះរួមទាំងកោះជេជូ ផងដែរ។
ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូងបានឲ្យដឹងថា ព្យុះទីហ្វុងម៉ៃសាក់កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតនៃឧបទ្វីបកូរ៉េ និងបន្តទៅកាន់ដែនសមុទ្រជប៉ុនដែលត្រូវគេស្គាល់ថា ជាសមុទ្រខាងកើតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយបានកំពុងរំកិលក្នុងល្បឿងរហូតដល់ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
នៅចំពោះមុនបញ្ហានេះ សារព័ត៌មានរដ្ឋ KCNA របស់កូរ៉េខាងជើងវិញបានចេញផ្សាយអំពីឥទ្ធិពលដ៏អាក្រក់ នៃព្យុះទីហ្វុងម៉ៃសាក់ផងដែរ និងបានអះអាងថា ខ្លួនកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយការខូចខាត តាមដែលអាចធ្វើទៅរួច។ ម៉ៃសាក់គឺជាព្យុះទីហ្វុងទី ២ នៅក្នុងរយៈពេលមួយសប្តាហ៍មកនេះ ដែលបានបោកបក់លើឧបទ្វីបកូរ៉េ៕SP
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់