ក្រសួងសុខាភិបាល មិនទាន់អាចវាយតម្លៃពីស្ថានភាពឆ្លងកូវីដ-១៩ នៅឡើយទេ ខណៈបុណ្យចូលឆ្នាំថ្មី ទើបតែបញ្ចប់
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ក្រសួងសុខាភិបាល មិនទាន់អាចវាយតម្លៃពីស្ថានភាពនៃការឆ្លងជំងឺកូវីដ-១៩ បាននៅឡើយទេ ខណៈទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្រួយបារម្ភ មានការឆ្លងកូវីដ-១៩ ឬមិនព្រួយបារម្ភ យើងគួរពិនិត្យមើលតាមស្ថានភាព នៃការសប្បាយរីករាយរបស់បងប្អូនប្រជាពលរដ្ឋយើង ហើយក៏ជាការទទួលខុសត្រូវ និងការសម្រេចចិត្តរបស់បុគ្គលម្នាក់ៗ និងក្រុមគ្រួសារដែរ ក្នុងការអនុវត្តន៍ការការពារការចម្លងកូវីដ-១៩។ យើងមិនទាន់អាចវាយតម្លៃ ស្ថានភាពនៃការឆ្លងបាននៅឡើយទេ ព្រោះទើបតែបញ្ចប់ពិធីអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើង ដែលត្រូវរង់ចាំ និងបន្តពិនិត្យមើលក្រែងមានស្ថានភាពនៃការផ្ទុះការឈឺណាមួយ នៅតំបន់ណាមួយ រហូតដល់ដំណាច់ខែមេសានេះ។ ការទទួលខុសត្រូវរបស់បុគ្គល និងសហគមន៍នាពេលនេះ ជាការកំណត់នូវស្ថានភាពឆ្លងនៃជំងឺកូវីដ-១៩ ក្នុងក្រុមគ្រួសារនីមួយៗ ហើយប្រសិន បើលោកអ្នកមានការសង្ស័យ សូមធ្វើតេស្តរហ័ស ឬទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតផ្ទះលោកអ្នក»។
លោកស្រី បានណែនាំថា បើលទ្ធផលបង្ហាញវិជ្ជមានកូវីដ-១៩ និងបើក្នុងលក្ខណៈស្រាល សូមនៅដោយឡែក ការពារកុំឲ្យឆ្លងទៅក្រុមគ្រួសារ និងអ្នកដទៃ ហើយថែទាំព្យាបាលខ្លួន នៅផ្ទះឲ្យបានល្អហ្មត់ចត់ តាមការណែនាំរបស់ក្រសួងសុខាភិបាលនាពេលកន្លងមក។ បើមានរោគសញ្ញាសង្ស័យថា វិវត្តន៍ទៅធ្ងន់ធ្ងរ សូមប្រញាប់ទៅស្វែងរកការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋ កុំសង្ងំនៅផ្ទះដែលអាចស្លាប់បាត់បង់ជីវិតបាន។ សូមរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋាន ឬក្រុមគ្រូពេទ្យដែលនៅតំបន់លោកអ្នករស់នៅ ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា។
ជាមួយគ្នានេះ លោកស្រី ឱ វណ្ណឌីន បានអំពាវនាវសូមឲ្យបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ និងទី៤) ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំរបស់បុគ្គល និងភាពស៊ាំរបស់សហគមន៍ សម្រាប់រក្សានិរន្តន៍ភាព នៃការរស់នៅធម្មតាតាមគន្លងប្រក្រតីភាពថ្មី បានយូរអង្វែងតទៅ ដែលក្រុមគ្រូពេទ្យ នៅបន្តចាក់ជារៀងរាល់ថ្ងៃ ជាពិសេសនៅតាមគោលដៅធំៗ ដូចជារោងចក្រ សហគ្រាស ទីផ្សារ និងសាលារៀន៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត