ក្រសួងសុខាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋ មិនត្រូវប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ដោយខ្លួនឯងទេ
ចំនុចសំខាន់ទី(៤) ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបានចេញនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩( Rapid Test) ជាមធ្យោបាយក្នុងការរកវីរុសកូវីដ១៩ដោយខ្លួនឯងឲ្យសោះ។
ក្រសួងសុខាភិបាលបានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន ប៉ុន្តែមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីត១៩ណា ដែលមានការបញ្ជាក់ទទួលស្គាល់ពីអង្គការសុខភាពពិភពលោកបានត្រឹមត្រូវ និងប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សរកវីរុសកូវីដ១៩នេះ នៅឡើងទេ។ ក្រសួងបន្តថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ។
សូមបញ្ជាក់ថា ក្រសួងសុខាភិបាលនឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនណាដែលយកឧបករណ៍ធ្វើតេស្តរហ័សបែបនេះ មកធ្វើការផ្សព្វផ្សាយដើម្បីលក់ ព្រោះឧបករណ៍ធ្វើតេស្តរហ័សនេះ មិនទាន់មានការទទួលស្គាល់ពីក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅឡើយទេ ។
ក្រសួងសុខាភិបាល អំពាវនាវជាថ្មីទៀតដល់ប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ដោយខ្លួនឯងតាមការឃោសនាពីបុគ្គល ឬផ្សព្វផ្សាយខុសច្បាប់មួយចំនួនបែបអនាធិបតេយ្យ។ មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដារបស់អង្គការសុខភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត