រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ កម្ពុជា ខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា កម្ពុជា ខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយផ្លាស់ប្តូរវិធីសាស្ត្រ នៃការសិក្សា ទៅជាការសិក្សាបែបចំរុះ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោក ហង់ជួន ណារ៉ុន បានចែករំលែកផែនការយុទ្ធសាស្ត្រមួយចំនួន ដែលកម្ពុជាបានដាក់ចេញ ដើម្បីពង្រឹងប្រព័ន្ធអប់រំជាតិ។
លោក បានថ្លែងថា «កម្ពុជាបានខិតខំប្រឹងប្រែងកាត់បន្ថយផលប៉ះពាល់នៃជំងឺកូវីដ-១៩ មកលើប្រព័ន្ធអប់រំ ដោយបានផ្លាស់ប្តូរវិធីសាស្ត្រនៃការសិក្សាទៅជាការសិក្សាបែបចំរុះ។ មិនតែប៉ុណ្ណោះ កម្ពុជា ក៏បានយកចិត្តទុកលើកំណែទម្រង់សាលារៀន កម្មវិធីសិក្សា និងឯកសារអប់រំផ្សេងៗ ដើម្បីធ្វើឲ្យគុណភាពអប់រំក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ»។
លើសពីនេះទៀត លោករដ្ឋមន្ដ្រី បានលើកឡើងបន្ថែមថា លទ្ធផលនៃការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលកន្លងទៅនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការពង្រឹង និងអភិវឌ្ឍវិស័យអប់រំ។
សូមបញ្ជាក់ថា ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានប្រារព្ធឡើងតាមរយៈប្រព័ន្ធអនឡាញ ក្រោមប្រធានបទ «Changing Course, Transforming Education» ដែលជាវេទិកាសម្រាប់បង្ហាញពីការផ្លាស់ប្ដូរដ៏សំខាន់បំផុត ដើម្បីស្វែងយល់ពីសិទិ្ធជាមូលដ្ឋានរបស់មនុស្សគ្រប់រូប ក្នុងការអប់រំ និងកសាងអនាគតប្រកបដោយនិរន្តភាព បរិយាបន្ន និងសន្ដិភាព។ ទិវាអប់រំអន្តរជាតិ ឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយ ការិយាល័យសហប្រតិបត្តិការអន្តជាតិ (ICO) របស់នាយកដ្ឋានអប់រំ នៃប្រទេសហ្វីលីពីន និងមានការចូលរួមពីរដ្ឋមន្ត្រីអប់រំមកពីប្រទេសមួយចំនួន រួមទាំងភាគីពាក់ព័ន្ធក្នុងវិស័យអប់រំជាច្រើនទៀត៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត