ក្រសួងអប់រំណែនាំគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនចូលរួមទប់ស្កាត់ការឆ្លងរាតត្បាត នៃវីរុសបំប្លែងខ្លួនថ្មី «អូមីក្រុង»
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាពសុខភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅទូទាំងប្រទេស។
សេចក្តីណែនាំ បានបញ្ជាក់ថា យោងតាមការប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល មេរោគបំប្លែងខ្លួនអូមីក្រុង បានរីករាលដាលដល់ខេត្តមួយចំនួន ដើម្បីចូលរួមទប់ស្កាត់ ការរាតត្បាត យ៉ាងឆាប់រហ័ស នៃវីរុសបំប្លែងខ្លួនអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ សូមធ្វើការណែនាំ ដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន ដូចជា ពង្រឹងការអនុវត្តវិធានការសុខាភិបាល ការពាក់ម៉ាស់ការពារឲ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់ ។
ទន្ទឹមនឹងនេះ ត្រួតពិនិត្យសុខភាព និងអាការៈ របស់គ្រូបង្រៀន បុគ្គលិកអប់រំ និងសិស្សានុសិស្សឲ្យបានជាប្រចាំក្នុងករណីមានកម្តៅលើសពី ៣៧,៥ អង្សាសេ ឬមានរោគសញ្ញា ដូចជាក្អក ហៀរសំបោរ ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវណែនាំឲ្យទៅរកសេវាសុខាភិបាលសមស្រប និងអនុញ្ញាតឲ្យឈប់សម្រាករហូតបានធូរស្រាល សុខភាពជាប្រក្រតី ទើបត្រឡប់មកបំពេញភារកិច្ច និងបន្តការសិក្សា ដោយផ្ទាល់នៅគ្រឹះស្ថានសិក្សាវិញ ព្រមទាំងអនុវត្តការបង្រៀន និងរៀនតាមបណ្តុះ (សិស្សមិនលើសពី ២០ នាក់) និងឆ្លាស់វេន ចំពោះគ្រឹះស្ថានសិក្សាដែលមានចំណុះសិស្សច្រើន រួមជាមួយ និងការបង្រៀន និងរៀនតាមអនឡាញ៕SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត