ភ្នំពេញ ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូសបន្ថែមទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ក្នុងនោះវ៉ាក់សាំងចំនួន៥លានដូស នឹងដឹកមកដល់កម្ពុជានៅចុងខែមីនា ឆ្នាំ២០២២នេះ។
ការប្រកាសផ្តល់ជំនួយបន្ថែមនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ស៊ី ជិនពីង នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។
បើតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្រៅតែពីការប្រកាសផ្តល់ជំនួយជាវ៉ាក់សាំងហើយនោះ លោកប្រធានាធិបតីចិន ក៏បានប្រកាសជំរុញនូវកិច្ចសហការដំណើរការរោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់នូវជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ចូលរួមចំណែកគាំទ្រកម្ពុជាឱ្យយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩។
សូមបញ្ជាក់ថា ប្រទេសចិន គឺជាអ្នកដែលបានជួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងគេមកកាន់ប្រទេសកម្ពុជា។ ក្នុងនោះវ៉ាក់សាំងជំនួយចំនួន ៦០ម៉ឺនដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាលើកដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត