ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា តាមការសិក្សារបស់អ្នកវិទ្យាសាស្ដ្រវេជ្ជសាស្ដ្របរទេសមួយចំនួន គេសង្កេតឃើញថា អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ប្រហែលជា ២៣-២៦% មានបញ្ហាផ្លូវចិត្ត ឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម។

លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានចេញលិខិតឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន ស្ដីពី ផលប៉ះពាល់សុខភាពក្រោយពីបានសះស្បើយជំងឺកូវីដ-១៩ ថា «ខ្ញុំសូមបញ្ជាក់ជូនថា តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្តវេជ្ជសាស្រ្តបរទេសមួយចំនួន លើអ្នកជាសះស្បើយពីជំងឺកូវីដ-១៩មួយចំនួន គេសង្កេតឃើញថា មានប្រហែលជា២៣-២៦% នៃអ្នកជាសះស្បើយ គឺមានបញ្ហាផ្លូវចិត្តដូចជាបញ្ហាឆាប់បាក់ទឹកចិត្ត និងឆាប់ព្រួយជាដើម»។

លោកស្រី បន្ដថា ទន្ទឹមនឹងនោះ ភាពឆាប់នឿយហត់ ឬមានអារម្មណ៍មិនសូវមានកម្លាំងកំហែង ក៏សង្កេតឃើញមានដែរ និងមួយចំនួនទៀត ក៏មានការឆាប់ទទួលបាននូវការឆ្លងជំងឺកូវីដ-១៩ឡើងវិញផងដែរ។ ករណីនេះ អាស្រ័យលើសរីរាង្គរបស់បុគ្គលម្នាក់ៗ ដែលមានការឆ្លើយតប និងការវិវត្តន៍កើតមានមិនដូចគ្នានោះឡើយ ជាពិសេស ស្ថានភាពនៃអង់ទីគ័ររបស់បុគ្គលឆ្លើយតបទប់ទល់ទៅនឹងជំងឺនេះ ហើយក៏អាស្រ័យលើស្ថានភាពដែលបុគ្គលបានឆ្លងកាត់សភាពជំងឺស្រាល ឬជំងឺធ្ងន់ធ្ងរផងដែរ។

លោកស្រី បន្ថែមថា ការសិក្សាក៏បានបង្ហាញថា អាចមានរោគសញ្ញាដែលនៅសេសសល់បន្ត ក្នុងរយ:ពេលប្រហែលជាមួយឆ្នាំក្រោយពីបានជា សះស្បើយពីជំងឺកូវីដ-១៩ (បុគ្គលខ្លះក៏មិនមានបញ្ហានេះដែរ) ដែលគេសង្កេតឃើញមានដូចជា៖ ឆាប់នឿយហត់ ឬមានអារម្មណ៍ថា ដូចជាខ្សោយជាងមុនពេលឈឺ, ដកដង្ហើមដូចជាមិនបានវែងៗ ឬពិបាកដកដង្ហើម ឬមានអារម្មណ៍ថា ដូចជារៀងថប់ៗដង្ហើម, បន្តនៅក្អកខ្លះៗ, អាចឈឺសន្លាក់ដៃជើង, អាចមានឈឺដើមទ្រូងខ្លះៗ, មានបញ្ហាការចងចាំ និងបញ្ហាសម្រាន្តមិនសូវលក់, ឈឺសាច់ដុំ ឬឈឺក្បាល, បេះដូងដើរញាប់ជាងមុន, និងបញ្ហាបាក់ទឹកចិត្ត អស់សង្ឃឹម ឬមានអារម្មណ៍ព្រួយច្រើនជាដើម។

លោកស្រី បានលើកឡើងទៀតថា រោគសញ្ញាខាងលើនេះ នឹងប្រហែលជាអាចបាត់ទៅវិញ ក្នុងរយ:ពេល៦-១២ខែ ឬអាចខ្លីជាងនេះ ឬក៏អាចកាន់តែធ្ងន់ធ្ងរ ឬមិនបាត់ទៅវិញ អាស្រ័យលើការបន្តថែទាំសុខភាពរបស់បុគ្គលដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ និងការធ្វើលំហាត់ប្រាណ ព្រមទាំងការចេះបន្ធូរអារម្មណ៍ និងបរិយាកាសរស់នៅជាដើម ជាពិសេសចាំបាច់ត្រូវចៀសវាងកុំបណ្តោយខ្លួនឲ្យមានការឆ្លងកូវីដ-១៩ឡើងវិញ ដែលវាអាចបន្ថែមភាពប៉ះពាល់ មិនល្អដល់សរីរាង្គណាមួយរបស់បុគ្គលដូចជាប្រព័ន្ធសរសៃប្រសាទ បេះដូង ថ្លើម និងតម្រងនោមជាដើម។

ជាងនេះទៅទៀត លោកស្រី រដ្ឋលេខាធិក្រសួង បានបញ្ជាក់បន្ថែមថា អ្នកវិទ្យាសាស្ត្រ ក៏មិនទាន់អាចបញ្ជាក់ឲ្យដឹងបានផងដែរថា តើផលប៉ះពាល់សំខាន់ៗអ្វីខ្លះទៀតលើសរីរាង្គបុគ្គល ដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ នៅក្នុងកម្រិតណានោះ និងក្នុងរយៈពេលយូរប៉ុណ្ណានោះនៅឡើយទេ ដែលតម្រូវឲ្យមានការសិក្សា ច្បាស់លាស់ជាបន្តបន្ទាប់ទៀតផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ