ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានប្រកាសថា អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍របស់កម្ពុជា ជាពិសេសនៅកន្លែងមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ ជាដើម។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ក្រសួងសុខាភិបាលអំពាវនាវ និងដាក់ចេញជាហូរហែរជាច្រើន នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ  ដោយចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន។

លោកស្រី បន្ដថា នៅតាមបណ្តាប្រទេសមួយចំនួនលើសាកលលោក និងក្នុងតំបន់មានរកឃើញករណីឆ្លងអូមីក្រុងជារៀងរាល់ថ្ងៃ ក្នុងនោះ ក៏មានកម្ពុជាដែរ  ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ ក៏កើតមានរួចហើយដែរ នៅលើអ្នកដែលមានជំងឺប្រចាំកាយ  និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឬចាក់មិនគ្រប់ដូស។ ដូច្នេះ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសអូមីក្រុងនាពេលនេះឲ្យសោះ។

លោកស្រី បានបញ្ជាក់ថា «អូមីក្រុងបាននិងកំពុងឆ្លងនៅក្នុងសហគមន៍យើងហើយណា  ជាពិសេសកន្លែងដែលមានមនុស្សច្រើនកុះករ កន្លែងបិទជិតៗគ្មានខ្យល់ចេញចូលប្រើតែម៉ាស៊ីនត្រជាក់ និងកន្លែងជួបជុំគ្នាច្រើនពេកខ្វះការអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ ហើយឲ្យតែយើងធ្វេសប្រហែស  លទ្ធភាពនៃការឆ្លង គឺមានខ្ពស់ហើយ»។  

លោកស្រី លោករដ្ឋលេខាធិការ ក៏បានអំពាវនាវសារជាថ្មី ត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្ត ដូចជា ៖ នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នា  គ្រប់ដូសមូលដ្ឋាន និងដូសជំរុញ ឥឡូវនេះកុំបីអាក់ខានឲ្យសោះឡើយ។ លោកស្រីថា យកចិត្តទុកដាក់  បន្តអនុវត្តន៍វិធានការ  ៣ការពារ និង៣កុំ។

លោកស្រី ផ្ដាំផ្ញើថា បើមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯង  បើវិជ្ជមានកូវីដ-១៩  សុំនៅដាច់ដោយឡែក  អនុវត្តន៍ការព្យាបាល និងថែទាំនៅតាមផ្ទះឲ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន  ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាល និងថែទាំតាមផ្ទះ  ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយឲ្យបានត្រឹមត្រូវ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ