សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ជនជាតិតៃវ៉ាន់ ២នាក់ ថតវីដេអូបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា មានអ្នកអន្តរាគមន៍សុំដោះលែង តែសម្តេច តបថា ត្រូវដាក់ពន្ធនាគារឱ្យបានយូរ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយឲ្យដឹងថា ចំពោះក្មេងៗជនជាតិចិន(តៃវ៉ាន់)២នាក់ដែលបានចាប់ខ្លួន ក្នុងករណីថតសម្តែងសកម្មភាព ជាវីដេអូនានាបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា មានអ្នកចេញមុខសុំអន្តរាគមន៍ដោះលែង តែសម្តេចតបថា គ្មានការដោះលែងអ្វីឡើយ តែត្រូវដាក់គុកឲ្យកាន់តែយូរល្អជាង ។
ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) នាព្រឹកថ្ងៃ១៩ កុម្ភៈ សម្តេចធិបតីរំលឹកថា កាលពីថ្ងៃ១៤ កុម្ភៈ សមត្ថកិច្ចបានចាប់ខ្លួនក្មេងៗតៃវ៉ាន់២នាក់ ។ ក្មេងនេះជាគឺជាក្រុមអ្នកលេងតិកតុក(tiktok)ដែលបានជ្រើសរើសយកកម្ពុជាថតខ្សែវីដេអូ ជារឿងចាប់ជំរិតមនុស្ស ។ ដោយពួកគេបានជិះយន្តហោះមកភ្នំពេញ ដើម្បថតប៉ុន្តែរកទីតាំង មិនមានក៏បានធ្វើដំណើរទៅខេត្តព្រះសីហនុ ដោយទិញខោអាវទាហាន ហើយផ្តើមថតតិកតុក រួចហើយក៏ឲ្យប្រពន្ធគេនៅតៃវ៉ាន់បង្ហោះ រហូតដល់មានអ្នកចូលមើលរាប់សែនលាននាក់ ដែលបង្ហាញពីខ្លឹមសារថា នៅកម្ពុជាពិតជាមានការចាប់ជំរិតគាត់ពិតមែន។
សម្តេចធិបតីក៏បានលើកឡើងថា នៅពេលសមត្ថកិច្ចចាប់ខ្លួនហើយបានសួរនាំថា ហេតុអ្វីបានធ្វើបែបនេះ គាត់ឆ្លើយថា ចង់បានឲ្យមានមនុស្សមើលច្រើន ដើម្បីលក់ផលិតផលរបស់ខ្លួន។
សម្តេចធិបតីគូសបញ្ជាក់ថា «ឥឡូវគាត់មកស្រុកយើងថា មានអ្នកចាប់ជំរិតគាត់ ហើយអសុវត្ថិភាពដោយសារតែចង់ ឲ្យគេមើលគាត់លក់ផលិតផលគាត់ យើងមិនអាចអនុញ្ញាតឲ្យអ្នកនឹងធ្វើអីញ្ចឹងទេ។ ឥឡូវចាប់ដាក់គុក២ឆ្នាំ»។
ក្រោយតុលាការខេត្តព្រះសីហនុ សម្រេចដាក់ពន្ធគារយុវជនតៃវ៉ាន់ទាំង ២នាក់នេះរួច មិនបានប៉ុន្មានថ្ងៃផង សម្តេចធិបតីក៏បានឲ្យដឹងថា ក៏មានអ្នកចេញមកអន្តរាគមន៍មកសម្តេចផងដែរ ប៉ុន្តែសម្តេចបានស្តីបន្ទោស តាមទូរស័ព្ទទៅវិញផងដែរ ។
សម្តេចបញ្ជាក់ថា «អ្នកអន្តរាគមន៍ថា អាណិតគ្នាក្មេងៗហើយម្តាយឈឺគួរតែលែវាទៅ ប៉ុន្តែខ្ញុំថាទី១- បើម្តាយឈឺគួរតែដាក់គុកវាឲ្យយូរ បើម្តាយឈឺគួរតែនៅមើលម្តាយ មិនគួរជិះយន្តហោះមកបំផ្លាញស្រុកគេទេ។ ទី២- បើអ្នកបំផ្លាញអ្នកទេចរណ៍មកស្រុកខ្មែរ គឺអ្នកវេទនានោះប្រជាជនកម្ពុជា ដែលបាត់បង់ចំណូល»។
ជាមួយគ្នានោះដែរ សម្តេចអះអាងថា ក្មេងៗតៃវ៉ាន់២នាក់នេះ មកកម្ពុជាមិនមែនមកលេងដោយចៃដន្យនោះទេ គឺពួកគេរៀបចំផែនច្បាស់លាស់ គឺហោះពីភ្នំពេញទៅព្រះសីហនុ រួចបន្តដំណើរហោះទៅសៀមរាបទៀត បន្ទាប់មកក៏នឹងធ្វើដំណើរចូលឡាវទៀត ក្នុងគោលបំណងថតសម្តែងជាសកម្មភាពនានា ដើម្បីចង់បានតែអ្នកមើលច្រើនទៀត។
សម្តេចថា “ចំណុចនេះអាត្មានិយមណាស់ ដែលរឿងនេះធ្វើឲ្យគេយល់ច្រឡំកម្ពុជា គេភ័យខ្លាចកម្ពុជា មិនហ៊ានមកលេង… អីញ្ចឹងវាអយុត្តិសម៌សម្រាប់កម្ពុជាយើងណាស់ ។ មានអ្នកតេមកសុំខ្ញុំថា សុំមនុស្សធម៌ម្តាយឈឺ ។ ខ្ញុំថាវិញ បើម្តាយឈឺដើរបំផ្លាញស្រុកគេ ដាក់គុកឲ្យយូរជាងនេះកាន់តែល្អ កូនកតញ្ញូដើរបំផ្លាញគេអីញ្ចឹង»។
កាលពីថ្ងៃ១៥ កុម្ភៈ សាលាខេត្តព្រះសីហនុ បានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ២នាក់ ជាជនជាតិចិន(តៃវ៉ាន់)នេះ មានឈ្មោះ CHEN NENG CHUAN និងឈ្មោះ LU TSU HSIEN ដាក់ពន្ធនាគារ២ឆ្នាំ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន៤លានរៀល ពីបទល្មើសញុះញង់បង្កឲ្យមានភាព វឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម កម្ពុជា តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ ពួកគេទាំង២ កាលពីថ្ងៃ១៣ កុម្ភៈ បានធ្វើសកម្មភាពថតសម្តែងពីចាប់ជំរិត និងថតសម្តែងមានខ្មោចលង ក្នុងសណ្ឋាគារនៅខេត្តព្រះសីហនុ ដោយនិយាយជាភាសាចិន ដែលនាំឲ្យសាធារណជនភ័ន្តច្រឡំ៕EB