ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឆ្លើយតបទៅក្រុមប្រឆាំងថា បក្ខពួករបស់សម្ដេច គឺមានប្រជាពលរដ្ឋ ១៧លាននាក់ ហើយអ្នកមានអំណាចពិតប្រាកដនោះ គឺប្រជាពលរដ្ឋផងដែរ។

នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិត ចំនួន ១៨.០២៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស មានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា គោលនយោបាយស្ដ្រីមានផ្ទះពោះ ឬគោលនយោបាយដឹកជញ្ជូនដោយមានសុវត្ថិភាព គឺសម្រាប់កម្មករ-កម្មការិនី តែប៉ុណ្ណោះ។

សម្ដេចធិបតី គូសបញ្ជាក់ថា «អ្នកមានអំណាចពិតប្រាកដនៅកម្ពុជា គឺជាពលរដ្ឋ ហើយបក្ខពួករបស់យើង គឺពលរដ្ឋប្រមាណ ១៧លាននាក់»។

សម្ដេច បន្ដថា «សួរថាចោទ ហ៊ុន ម៉ាណែត ថា ធ្វើហ្នឹងសម្រាប់តែបក្ខពួករបស់ខ្លួនដែលមានអំណាច ខ្ញុំថា និយមន័យអ្នកឯងចង់ចោទខ្ញុំ តែបំភ្លិចថា ពាក្យអ្នកឯងនេះ គឺអ្វីដែរខ្ញុំធ្វើ បក្ខពួករបស់ខ្ញុំ គឺ ១៧លាននាក់ ហើយក្នុងវិស័យការងារ គឺបងប្អូនកម្មករ-កម្មការិនី រាប់សែន រាប់លាននាក់នៅទីនេះឯង ដែលខ្ញុំ ចេញគោលនយោបាយ ដើម្បីជួយបន្ដទៀត»។

សម្ដេច នាយករដ្ឋមន្ដ្រី បានឲ្យដឹងទៀតថា អ្នកវិភាគប្រឆាំងនោះ មានទស្សនៈបែបចង្អៀតចង្អល់ ហើយទស្សនៈរបស់ក្រុមអ្នកប្រឆាំង ធ្វើឲ្យពួកគេមិនដែលឈ្នះរហូត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ