ភ្នំពេញ ៖ ក្នុងវេទិកាជួបសំណេះសំណាលជាមួយកម្មករ នៅមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃ ទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បើត្រឹមទិញដីលក់ដី វាមិនបានចូលរួមជំរុញដល់ការអភិវឌ្ឍប្រទេសជាតិប៉ុន្មាននោះទេ។ តែផ្ទុយទៅវិញ ការអភិវឌ្ឍពិតប្រាកដ គឺលុះត្រាតែមានផលប្រយោជន៍ដល់ពលរដ្ឋ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ពាក្យថា ដីមានតម្លៃនោះ បងប្អូនថា ដីឡើងថ្លៃ អាដីឡើងថ្លៃ វាក៏ឡើងដែរ ល្អសម្រាប់ម្ចាស់ដី ត្រឹមតែដីឡើងថ្លៃ មិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍទេ»។ សម្ដេចធិបតី បានបញ្ជាក់ថា ការអភិវឌ្ឍ តម្លៃពិតនៃដី ឬតំបន់មួយ ទាល់តែវាបានចូលរួមផ្ដល់ផលប្រយោជន៍ឱ្យដល់ប្រជាជនកាន់តែច្រើន ទើបហៅថា ការអភិវឌ្ឍ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា «បើត្រឹមទិញដីលក់ដី វាអត់បានចូលរួមការអភិវឌ្ឍប៉ុន្មានទេ តែបើយកដីមួយកន្លែង មកអភិវឌ្ឍន៍តំបន់នោះឱ្យទៅជាកន្លែងសំដៅបង្កើតសកម្មភាពការងារ ជាអាទិ៍ បង្កើតរោងចក្រ-សហគ្រាស ផ្សារ សាលារៀន ឱ្យបានច្រើន ដើម្បីចូលរួមជួយធ្វើយ៉ាងណាឱ្យពលរដ្ឋមានការងារធ្វើ មានជីវភាពល្អប្រសើរ ទើបជាការអភិវឌ្ឍពិតប្រាកដ»។
ជាមួយគ្នានេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី បានគូសបញ្ជាក់ដែរថា ការអភិវឌ្ឍរនបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាច្រើនឆ្នាំមកនេះ តែងតែគិតគូ ហើយបាននិងកំពុងអនុវត្តជាប់ជាប្រចាំនូវយុទ្ធសាស្ត្រនេះ ដើម្បីផ្ដល់ជាផលប្រយោជន៍ និងចែកផលលាភឱ្យដល់ដៃប្រជាពលរដ្ឋ ក៏ដូចជាជំរុញដល់សេដ្ឋកិច្ច-សង្គម៕EB