ញូវដែលី ៖ ឥណ្ឌាទើបចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយបារាំង បញ្ជាទិញយន្តហោះចម្បាំង Rafale ចំនួន ២៦គ្រឿង ក្នុងតម្លៃខ្ទង់ ៧,៤១ពាន់លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពប្រយុទ្ធកងទ័ពជើងទឹកឥណ្ឌា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣០ មេសា ២០២៥។
ការទិញ-លក់យន្តហោះចម្បាំងនេះ កើតឡើងនៅពេលដែលឥណ្ឌាព្យាយាមធ្វើទំនើបកម្មយោធា និង កាត់បន្ថយការពឹងផ្អែកលើយោធូបករណ៍រុស្ស៊ី ជាពិសេសជំរុញការផលិតសព្វាវុធក្នុងស្រុក ដើម្បីផ្គត់ផ្គង់កងកម្លាំងដែលដាក់ពង្រាយតាមព្រំដែនមានជម្លោះចំនួនពីរ គឺជាមួយប៉ាគីស្ថាន និងចិន។
នេះជាជំហានថ្មីមួយទៀតបង្ហាញពីការពឹងផ្អែករបស់ឥណ្ឌាដ៏យូរអង្វែងលើសម្ភារៈយោធាបារាំង ក្នុងនោះរួមទាំងយន្តហោះចម្បាំង Mirage 2000 ដែលបានទិញក្នុងទសវត្សរ៍ឆ្នាំ១៩៨០ និងនាវាមុជទឹកប្រភេទ Scorpene ដែលបញ្ជាទិញក្នុងឆ្នាំ២០០៥។
កិច្ចព្រមព្រៀងថ្មីនេះត្រូវបានអនុម័តកាលពីដើមខែមេសា ដោយគណៈរដ្ឋមន្ត្រីសន្តិសុខរបស់ឥណ្ឌា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី។ កងទ័ពអាកាសឥណ្ឌា បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះចម្បាំង Rafale ចំនួន ៣៦គ្រឿង ខណៈដែលកងនាវានៃកងទ័ពជើងទឹកឥណ្ឌា ភាគច្រើនមានយន្តហោះចម្បាំង MiG-29 របស់រុស្ស៊ី។
យ៉ាងណាមិញ Rafale គឺជាយន្តហោះចម្បាំងផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation។ Rafale ត្រូវបានបំពាក់ដោយម៉ាស៊ីនចំនួនពីរ ដើម្បីធ្វើឲ្យប្រព័ន្ធដំណើរការយន្តហោះខ្លាំង និងមានល្បឿនលឿន។ Rafale អាចហោះបានចម្ងាយ ៣.៧០០គីឡូម៉ែត្រ, ហោះបានកម្ពស់ជាង ១៥គីឡូម៉ែត្រ និងអាចផ្ទុកទម្ងន់ ២៤.៥០០គីឡូក្រាម។ ចំណែកល្បឿនវិញ Rafale អាចហោះបាន ២.២២២គីឡូម៉ែត្រក្នុងមួយម៉ោង៕RT