សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការប្រកួតរវាង ដាវ លឺដុឌ និង ព្រំ សំណាង គឺរឹតចំណងមិត្តភាពកម្ពុជា-ភូមា លើផ្នែកក្បាច់គុនប្រពៃណី
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការប្រកួតក្បាច់គុន រវាងកីឡាករ ដាវ លឺដុឌ និងកីឡាករ ព្រំ សំណាង គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើង ក្នុងឱកាសអនុញ្ញាតឱ្យកីឡាករ ដាវ លឺដុឌ (Dave Leduc) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។
ក្នុងនោះ សម្តេចធិបតី ក៏សម្តែងនូវការអរគុណចំពោះកីឡាករ ដាវ លឺដុឌ ដែលបានសិក្សាស្វែងយល់ អំពីប្រវត្តិក្បាច់គុណបុរាណខ្មែរ និងបានលើកឡើងបន្ថែមថា ពិតមែនតែប្រទេសនីមួយៗ មានវប្បធម៌ប្រពៃណីផ្សេងៗគ្នា ប៉ុន្តែព្រឹត្តិការណ៍ប្រកួត នៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកនេះ គឺជាការបង្ហាញនូវការគោរពគ្នាទៅវិញទៅមក និងជាការចូលរួមចំណែកក្នុងការរឹតចំណងមិត្តភាពរវាងកម្ពុជា-ភូមា លើផ្នែកក្បាច់គុណប្រពៃណីរបស់ប្រទេសទាំងពីរ ហើយមួយវិញទៀត ក៏ជាផ្នែកមួយនៃការលើកកម្ពស់ ការយល់ដឹងអំពីគុនខ្មែរ នៅក្នុងមជ្ឈដ្ឋានជាតិ និងការផ្សព្វផ្សាយ អំពីគុនខ្មែរឱ្យពិភពលោកបានស្គាល់។
ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងបានជំរុញ និងលើកកម្ពស់វិស័យកីឡា ជាពិសេស សម្តេចតេជោ ដែលតែងយកចិត្តទុកដាក់លើការអភិរក្សក្បាច់គុនខ្មែរ ជាយូរមកហើយ ។ ចំពោះ សម្តេចធិបតី ផ្ទាល់ លោកក៏ជាអ្នកផ្តួចផ្តើម រៀបចំឱ្យមានការសំយោគក្បាច់គុនល្បុក្កតោ, គុនខ្មែរ និងយុទ្ធក្រមខម ឱ្យក្លាយទៅជាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដើម្បីឱ្យកងទ័ពរក្សាបាននូវវិន័យ, សុខភាព និងសិល្បៈការពារខ្លួន ក៏ដូចជាការចូលរួមចំណែក អភិរក្សវប្បធម៌ប្រពៃណីជាតិ ដែលជាកេរដំណែលរបស់បុព្វបុរសខ្មែរ បានបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយ ។
នាឱកាសនោះ កីឡាករ ដាវ លឺដុឌ ក៏បានបញ្ជាក់ផងដែរថា ការសម្រេចចិត្ត មកប្រកួតនៅក្នុងប្រទេសកម្ពុជាលើកនេះ គឺមិនមានបំណងអ្វីផ្សេងឡើយ ក្រៅតែពីការប្រកួតជាលក្ខណៈមិត្តភាព ដែលនេះ គឺជាព្រឹត្តិការណ៍ដ៏ធំ ជាលក្ខណៈប្រវត្តិសាស្ត្រ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រជាជនកម្ពុជា និងប្រជាជនភូមា រួមទាំងប្រជាជន នៃបណ្តាប្រទេសផ្សេងៗទៀត នៅលើពិភពលោក កំពុងរង់ចាំទស្សនា៕EB