រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ណែនាំឆ្មបទូទាំងប្រទេស ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ ប្រកបដោយភាពកក់ក្ដៅ
ភ្នំពេញ ៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា ឆ្មបបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពិគ្រោះផ្តល់យោបល់ ផ្តល់សេវាថែទាំជូនដល់ស្រ្តីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល កំពុងសម្រាល និងក្រោយសម្រាល ដូចគ្រប់ឆ្មបទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈជាឆ្មបឱ្យបានត្រឹមត្រូវ ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាជន ប្រកបដោយភាពកក់ក្ដៅ និងការជឿជាក់។
ការថ្លែងបែបនេះរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្មបបំពេញតួនាទីសំខាន់គ្រប់ស្ថានភាព គ្រប់ពេលមានគ្រោះអាសន្ន គ្រោះមហន្តរាយ» ដែលធ្វើឡើងនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។
លោកសាស្រ្ដាចារ្យ ឈាង រ៉ា បានថ្លែងថា «ឆ្មប ជាអ្នកផ្ដល់ភាពកក់ក្ដៅ និងជាអ្នកមើលការខុសត្រូវដល់ក្រុមគ្រួសារប្រជាជនយើងទូទាំងប្រទេស ព្រោះរាល់កិច្ចការងាររបស់ឆ្មប គឺជាការជួយសង្គ្រោះ និងការថែទាំដ៏ចម្បងដល់ស្ដ្រីមានផ្ទៃពោះ រួមទាំងទារក ទាំងមុនសម្រាល និងក្រោយសម្រាល ។ដូច្នេះឆ្មបគឺមានតម្លៃណាស់ ឃើញឆ្មបប្រៀបបានដូចឃើញអ្នកមើលថែទាំគ្រួសាររបស់ប្រជាជនយើង ឬជាមេផ្ទះសុខភាពមួយដូច្នេះដែរ។ក្នុងឱកាសនេះដែរ សូមជំរុញលើកទឹកចិត្ដឆ្មបយើងទូទាំងប្រទេស មិនថានៅមន្ទីរពេទ្យរដ្ឋ ឬឯកជន សូមពង្រឹងសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈឆ្មបឱ្យត្រឹមត្រូវ»។
ជាងនេះទៅទៀត លោកសាស្ដ្រាចារ្យ រដ្ឋមន្ដ្រី ក៏បានស្នើដល់សមាគមឆ្មប សមាគមគ្រូពេទ្យផ្នែកសម្ភពរោគស្ដ្រី សមាគមគិលានុបដ្ឋាក និងភាគីពាក់ព័ន្ធ សូមឱ្យមានការសហការគ្នាឱ្យបានល្អ ដើម្បីពួនដៃគ្នាបម្រើសេវាសុខាភិបាល ជួយសង្រ្គោះ និងថែទាំសុខភាពមាតា ទារក និងកុមារ ឱ្យមានសុខភាពល្អប្រសើរ៕EB