ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា ទំហំនៃតម្រូវការរបស់ប្រជាជន មិនមែនតែហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្ដែអ្វីដែរសំខាន់បំផុតនោះ គឺបញ្ហាសុខភាព និងជីវភាពរស់នៅ គឺជាតម្រូវការរបស់ប្រជាជន។

នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ  តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌  ដល់គ្រួសារងាយរងហានិភ័យ» នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការរៀបចំ «មន្ទីរពេទ្យជាតិតេជោសន្តិភាព» នាពេលនេះ គឺជាយុទ្ធសាស្រ្ដយូរអង្វែងរបស់រាជរដ្ឋាភិបាល និងជាកន្លែងជួយរែកពុននូវការចាំបាច់ណាមួយដែលកម្ពុជាជួបប្រទះនូវជំងឺនានា។

សម្ដេចធិបតី គូសបញ្ជាក់ថា «ប៉ុន្ដែទំហំនៃតម្រូវការរបស់ប្រជាជនមិនមែនត្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវនោះទេ ប៉ុន្ដែត្រូវសំខាន់បំផុត គឺបញ្ហាសុខភាព ជីវភាពរស់នៅ ជាមួយសុខភាព នេះ គឺជាតម្រូវការ។ អញ្ចឹងហើយការរៀបចំពេទ្យលក្ខណៈទ្រុងទ្រាយធំនេះ គឺជាយុទ្ធសាស្ដ្រយូអង្វែង សម្រាប់ដោះស្រាយចំពោះមុខកំណើនជំងឺផ្សេងៗ»។

នាឱកាសនោះ សម្ដេច នាយករដ្ឋមន្ដ្រី លើកឡើងទៀតថា ការបន្តជំរុញលើការវិនិយោគក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅតែជាវិស័យ អាទិភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មីនេះ ដែលត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីសំដៅជំរុញលើកកម្ពស់ដល់ធនធានមនុស្សរបស់កម្ពុជា។ សម្ដេច ថា ធនធានមនុស្សជាកត្តាសំខាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិ បើគ្មានធនធានមនុស្ស ដំណើរការអ្វីក៏មិនអាចធ្វើបានដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ