យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាត នៅឆ្នាំ២០២៥
ភ្នំពេញ ៖ ក្រោយពេលបានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទទួលការចូលរួមគាំទ្រនិងអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» បានចំនួន ៥០ខ្សៃ ស្មើនឹងប្រមាណ៧៣,៥% នៃចំនួនខ្សែផ្លូវសរុប ដែលមានទូទាំងប្រទេសចំនួន ៦៨ខ្សែ។
ជាមួយគ្នានេះ សាធារណជន រួមមានសិស្ស និស្សិត លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ រដ្ឋបាលក្រុងស្រុក រាជធានីខេត្ត សមាគម អង្គការក្រៅរដ្ឋាភិបាល អ្នកស្រឡាញ់បរិសស្ថាន និងប្រជាពលរដ្ឋ ចំនួន ១៧១ ៣០០ នាក់ បានចូលរួមអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ បានប្រវែង ៣ ១៩៣,៤គ.ម ស្មើនឹង៥០% នៃប្រវែងផ្លូវសរុប ៦៣៤៩,២គ.ម។
យុទ្ធនាការសម្អាតផ្លូវជាតិ គ្មានសំរាម និងសំណល់ប្លាស្ទិក សម្រេចបានរហូតមកទល់ពេលនេះ មានឃុំ/សង្កាត់ចូលរួមមានចំនួន ៧០៧ ឃុំ-សង្កាត់ ស្មើនឹងចំនួន ៧៤% នៃចំនួនឃុំ សង្កាត់ដែលមានផ្លូវជាតិឆ្លងកាត់សរុបចំនួន ៩៥១ ឃុំ-សង្កាត់។ ដោយឡែកក្នុងយុទ្ធនាការ«ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥កន្លងមក បានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិកនៅតាមដងផ្លូវ បានចំនួន ៥១៧ តោន។
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសុទិដ្ឋិនិយមថា នៅឆ្នាំ២០២៥នេះ ផ្លូវជាតិទាំងអស់នៅកម្ពុជាស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិកទៀតហើយ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត៕