ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ អះអាងថា ក្រសួងមុខងារសារធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងបង្ក្រាប ចាប់ខ្លួនជនណា ដែលឆ្លៀតឱកាសដើរប្រមូលប្រាក់ពីបេក្ខជន រួចសន្យាថា នឹងរត់ការជួយឱ្យបេក្ខជននោះ ក្លាយជាមន្ត្រីរាជការនៅតាមក្រសួងស្ថាប័ន បន្ទាប់ពីប្រមូលបានភស្តុតាងគ្រប់គ្រាន់។ 

តាមលោក ហ៊ុន ម៉ានី ដើម្បីបង្ក្រាបករណីនេះ លោក បានជជែកជាមួយ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទេសរដ្ឋមន្ត្រី ឧម យិនទៀង រួចរាល់ហើយ។ លោក ហ៊ុន ម៉ានី ថ្លែងដូច្នេះ នៅក្នុងពីធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអនុវត្តនិយាមនីតិវិធីប្រតិបត្តិ និងការចែករំលែកបទពិសោធ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ជូនក្រសួង ស្ថាប័ន។

ពីសិក្ខាសាលារៀបចំនៅព្រឹកថ្ងៃពុធ នេះលោក ហ៊ុន ម៉ានី សង្កត់ធ្ងន់ដូច្នេះ« កន្លងមកបានធ្វើការជាមួយឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ផ្ដល់ជាគោលការណ៍ ដើម្បី(បង្ក្រាប)ករណីណាដែលមានភស្តុតាងច្បាស់លាស់ សុំទោសធ្វើហើយ!»។

តាមរយៈសិក្ខាសាលាដដែល លោក ហ៊ុន ម៉ានី ព្រមានឱ្យជនឈ្លៀតឱកាសដើរប្រមូលប្រាក់ដើម្បីរត់ការចូលក្របខណ្ឌ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ បើនៅតែបន្ត នឹងចាត់វិធានការក្ដៅ តាមផ្លូវច្បាប់ជាធរមាន កុំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងការខិតខំប្រឹងប្រែងលើកំណែទម្រង់ការប្រឡងជ្រើសរើសមន្ត្រី។

ស្របពេលដែលក្រសួងមុខងារសាធារណៈ កំពុងរឹតបន្តឹងការប្រឡងជ្រើសមន្ត្រី ឱ្យចូលបម្រើការងារប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ន និងប្រសិទ្ធភាព និងឈរលើគោលការណ៍ជាប់ដោយមោទនធ្លាក់ដោយអស់ចិត្ត លោក ហ៊ុន ម៉ានី ឱ្យដឹងថា គឺមានជនឆ្លៀតឱកាស ទៅបញ្ចុះបញ្ចូលឱ្យសូកលុយតាមខ្លួន ដើម្បីរត់ការចូលក្របខណ្ឌរដ្ឋ ដែលករណីនេះ ទើបតែកើតឡើងប្រមាណកាលពី២សប្ដាហ៍មុនប៉ុណ្ណោះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ