សម្ដេចធិបតី ហ៊ុន ម៉ាណែត ចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករ នាំចេញលើមុខទំនិញថ្មធម្មជាតិ
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែង នៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងពេលដែលរូបខ្ញុំ និងគណប្រតិភូ ចុះពិនិត្យតាមស្តង់ពិពណ៌លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិពណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រីបានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា»។
សម្ដេច បន្ដថា ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជា ដែល សម្ដេច បានទទួល បានប្រគល់ភារកិច្ចជូន លោក អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែល រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល ជាមួយនិងសមាគមថ្មក្រានិតកម្ពុជា និងក្រុមហ៊ុនធ្វើអាជីវកម្មថ្មអារ ដើម្បីស្តាប់នូវកង្វល់និងសំណូមពរផ្សេងៗ និងដើម្បីដាក់ចេញនូវដំណោះស្រាយសមស្របនិងទាន់ពេលវេលា ក្នុងគោលបំណងជំរុញការធ្វើអាជីវកម្មថ្មធម្មជាតិ និងការនាំចេញថ្មធម្មជាតិ ឲ្យបានកាន់តែប្រសើរឡើង។
សម្ដេច បញ្ជាក់ថា «ជាលទ្ធផល កិច្ចប្រជុំបានរៀបចំជាសំណើរដើម្បីសុំគោលការណ៍សម្រេចរបស់រាជរដ្ឋាភិបាល ដែលថ្ងៃនេះខ្ញុំបានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រានាំចេញលើមុខទំនិញនាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិរបស់ខ្មែរ នៅលើទីផ្សារអន្តរជាតិ»៕