តាកែវ ៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបន្ដអំពាវនាវ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ «កុំឲ្យមានការគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម ខុសពីអត្រាប្តូរប្រាក់» ចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ប្រាក់រៀល ព្រោះការជួយសម្រួលបែបនេះ ជាយន្ដការមួយក្នុងការរួមចំណែកលើកកម្ពស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយ។

ការលើកឡើងរបស់លោក យឹម លាត ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជូលរួមសិក្ខាសាលាស្ដីពី «ប្រាក់រៀល ប្រព័ន្ធ បាគង និងខេអេចហ្សូអរ» រៀបចំឡើងក្នុងខេត្តតាកែវ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។

ក្នុងឱកាសនោះលោក យឹម លាត បានអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន-សហគ្រាស គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្តចូលរួមប្រើប្រាស់ប្រាក់រៀល ឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជាប្រាក់រៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា ដោយសូមកុំគិតកន្ទុយ ឬយកកម្រៃសេវាបន្ថែម សម្រាប់អ្នកប្រើប្រាស់ ប្រាក់រៀល។

លោក យឹម លាត បានថ្លែងឲ្យដឹងថា «ដើម្បីសេដ្ឋកិច្ចកម្ពុជារឹងមាំ រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាច្រើន ជាពិសេសចាប់តាំងពីដើមទសវត្សរ៍ឆ្នា២០០០មក ក្នុងគោលដៅលើកកម្ពស់ការ ប្រើប្រាស់ប្រាក់រៀល ស្របពេលដែលស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អប្រសើរ បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នៅចុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី ជាលទ្ធផល និន្នាការនៃការប្រើប្រាស់ប្រាក់រៀល ក៏មានការកើនឡើងជាលំដាប់ផងដែរ»៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ