ម៉ានីល៖ នៅថ្ងៃសៅរ៍ ២៤ កក្កដា អាជ្ញាធរហ្វីលីពីនបានជម្លៀសប្រជាជនរាប់ពាន់នាក់នៃរដ្ឋធានីម៉ានីលចេញពីសហគមន៍របស់ពួកគេ ដោយសារភ្លៀងមូសុងខ្លាំងលាយជាមួយព្យុះត្រូពិចបានជន់លិចទីក្រុងនិងខេត្តក្បែរនោះ។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារសារព៍ត៌មាន CNA នៅថ្ងៃទី២៤ កក្កដា ២០២១៕
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយថាមនុស្ស ១៤,០២៣ នាក់ ដែលភាគច្រើនមកពីតំបន់ជាយក្រុងដែលរងគ្រោះដោយទឹកជំនន់ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។
អ្នកនាំពាក្យប្រធានាធិបតីលោក Harry Roque បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងស្នើសុំឱ្យប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ត្រូវមានការប្រុងប្រយ័ត្ននិង ចាត់វិធានការការពារជាមុននិងសហការជាមួយអាជ្ញាធរមូលដ្ឋានរៀងៗខ្លួន។
គួររម្លឹកផងដែរថា អាកាសធាតុក្តៅខ្លាំងបានបោកបក់លើផ្នែកជាច្រើននៃពិភពលោកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដែលនាំមកនូវទឹកជំនន់ដល់ប្រទេសចិន ឥណ្ឌា និងអឺរ៉ុបខាងលិច និងរលកកម្តៅទៅកាន់អាមេរិកខាងជើង ដែលបង្កការភ័យខ្លាចថ្មីអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ។RT