ប្រមុខក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងទិវាជាតិអន្តសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នឹងប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជា ជាសក្តានុពលក្នុងការប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ នាសម័យបច្ចេកវិទ្យា» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ស្អែកនេះ ។
ទិវាជាតិអន្តរសាសនានេះ នឹងប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាងនិមន្ត និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ អាជ្ញាធរថ្នាក់ក្រោមជាតិ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ស្ថានតំណាងប្រចាំនៅកម្ពុជា តំណាងអង្គការសហប្រជាជាតិ អង្គការដៃគូជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល តំណាងគ្រប់និកាយសាសនា សិស្ស និស្សិត បញ្ញាវ័ន្ត និងវិស័យ ឯកជន ប្រមាណ ២០០០ អង្គ/នាក់ ។
សូមជម្រាបជូនថា គោលបំណងនៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស នេះ គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាង មុតមាំឥតរាថយ និងកាន់តែស្វាហាប់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាននឹងកំពុងបន្តវេនដឹកនាំប្រទេសជាតិ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតអំពើជួញ ដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ ។ មិនតែ ប៉ុណ្ណោះ កម្មវិធីទិវាជាតិអន្តរសាសនានេះ បង្ហាញអំពីស្មារតី សាមគ្គី ឯកភាព និងសុខដុមនីយកម្ម នៃគ្រប់ជំនឿសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា រួមគ្នាប្រឆាំងការជួញដូរមនុស្ស ធ្វើអោយ មនុស្សទាំងឡាយមានសុវត្ថិភាព និងភាពរីករាយ ទាំងប្រជាជនកម្ពុជា ទាំងជនបរទេស ដែលបានរស់នៅលើទឹកដី កម្ពុជា៕